ប្រធានអង្គការសុខភាពពិភពលោក(WHO)បានប្រកាសនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មានបុគ្គលិកសុខាភិបាលចំនួន ១១៥.០០០ នាក់បានស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីជំងឺនេះបានផ្ដើមរាតត្បាតរាតត្បាតពីដំបូងមក។ ថ្លែងនៅក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ប្រធានWHO បានលើកឡើងពីការលះបង់របស់បុគ្គលិកសុខាភិបាលនៅជុំវិញពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩។

លោកបានថ្លែងដូច្នេះថា អស់រយៈពេលជិត១៨ខែហើយ ដែលបុគ្គលិកសុខាភិបាលនៅទូទាំងពិភពលោក បានឈរនៅជួរមុខដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយពួកគេបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ ដោយបានប្រឹងប្រែងអស់ពីសមត្ថភាពប្រយុទ្ធដើម្បីកាពារអ្នកដទៃ។ ក្រុមគ្រូពេទ្យទាំងនោះ ក៏បានឆ្លងជំងឺដែរ។

លោកបាននិយាយថា ចាប់តាំងពីចាប់ផ្តើមមានវិបត្តិជំងឺកូវីដ១៩ បុគ្គលិកសុខាភិបាលជាច្រើននាក់ ប្រឈមភាពអស់សង្ឃឹមនិងខ្លះគ្មានការពារគ្រប់គ្រាន់ដោយសារគ្មានឧបករណ៍សម្រាប់ការពារខ្លួនអំឡុងពេលចេញប្រយុទ្ធនឹងជំងឺនេះ។ លោកក៏បានបញ្ជាក់ថា៧៥%នៃវ៉ាក់សាំង បានទៅដល់ប្រទេសចំនួនតែ១០ប៉ុណ្ណោះ ដោយលោកបានអំពាវនាវឱ្យ ប្រទេសទាំងនោះមិនគួរបន្តរក្សាទុកវ៉ាក់សាំងចំនួនដ៏ច្រើនលើសលុបឡើយ និងគួរតែចែករំលែកទៅប្រទេសផ្សេងទៀត៕