ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យខេត្តចំនួនទាំង៩ ដែលជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលជ្រូក ស្របពេលវៀតណាមកំពុងផ្ទុះឡើងវិញនៃជំងឺប៉េស្តជ្រូកអាហ្រិ្វក។

សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មនៅថ្ងៃទី២០ឧសភានេះបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងមានប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍ រួមមានប្រទេសថៃ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។ ប្រទេសវៀតណាមបានផ្ទុះជំងឺស្ទើរនៅពាសពេញប្រទេសកាលពីខែកុម្ភៈឆ្នាំ២០១៩ និងតែងផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅខែឧសភាឆ្នាំ២០២១នេះ បានផ្ទុះឡើងជាថ្មីទៀត និងអាចរាលដាលយ៉ាងឆាប់រហ័សមដល់តាមបណ្ដាខេត្តដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា។

សេចក្ដីជូនដំណឹងនោះបន្តថា៖«ប្រទេសវៀតណាម បានកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិ្វកតាំងពីថ្ងៃទី៤ខែឧសភា ដែលអាចបន្តឆ្លងរីករាលដាលយ៉ាងឆាប់រហ័សដល់បណ្ដាលខេត្តដែលមានព្រំប្រទល់ជាប់កម្ពុជារួមមាន ខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី ខេត្តយ៉ាងឡាយ ជាប់រតនគិរី ខេត្តដុងថាប់ ជាប់ព្រៃវែង ខេត្តកៀនយ៉ាង ជាប់កំពត ខេត្តតៃនិញជាប់ត្បូងឃ្មុំនិងខេត្តស្វាយរៀង និងខេត្តឡុងអានជាប់ស្វាយរៀង ខេត្តប៊ិញភូជាប់ក្រចេះ ខេត្តអានយ៉ាងជាប់តាកែវនិងកណ្ដាល ដែលជាសញ្ញាហានិភ័យនៃការឆ្លងរាលដាលទ្រុងទ្រាយធំ និងធ្ងន់ធរដល់កម្ពុជា»។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាមអាចមាននៅពេលនេះ ប្រសិនបើក្រសួងមិនទប់ស្កាត់។

លោកថា៖«ការនាំចូលខុសច្បាប់មិនទេ ប៉ុន្តែអាចមាននៅពេលនេះ ដោយសារនៅពេលដែរប្រទេសវៀតណាមកំពុងតែជួបប្រទះជំងឺវឹកវរ។ អ៊ីចឹង! កន្លែងមួយ កន្លែងមួយលក់អ៊ីចឹងទៅវានាំចាលទីផ្សារនាំឲ្យតម្លៃជ្រូករស់នៅប្រទេសវៀតថោក អ៊ីចឹងកាលណាថោកវាអាចចាលមកយើង(កម្ពុជា)»។

ក្រសួងកសិកម្មបញ្ជាក់ថា ការណែនាំទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រិ្វករបស់ក្រសួងកសិកម្មនេះ គឺដើម្បីបង្ការការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងធានាគុណ សុវត្ថិភាពសត្វជ្រូក ផលិតផលសាច់ ព្រមទាំងការពារសុខភាពសាធារណៈ។

កាលពីអំឡុងខែមេសាកន្លងទៅនេះ ក្រសួងកសិកម្មបានដុតកម្ទេចចោលសត្វជ្រូកប្រហែល១៤០ក្បាល គឺនៅខេត្តតាកែវចំនួន១០២ក្បាល និងខេត្តបន្ទាយមានជ័យចំនួន៣៨ក្បាល បន្ទាប់ពីត្រូវបានគេលួចនាំចូលខុសច្បាប់ពីប្រទេសថៃ និងត្រូវបានរកឃើញថា ជ្រូកទាំងនោះបានឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិក៕