រូបភាព៖ ហ្វេសប៊ុក

រដ្ឋាភិបាលបានប្រកាសបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំច្បាប់សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រងឧកញ៉ាឱ្យមានប្រសិទ្ធភាព។

លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩ឧសភានេះថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះឡើង គឺដល់ពេលដែលត្រូវមានច្បាប់សម្រាប់គ្រប់គ្រងក្រុមឧកញ៉ាឱ្យបានត្រឹមត្រូវ។

លោកថា៖« ពីព្រោះឧកញ៉ាគឺជាស្ថាប័នមួយ វាត្រូវតែមានច្បាប់អង្គការ វាត្រូវតែមានលក្ខណៈការបង្កើតអង្គការហ្នឹង បង្កើតការទទួលយកវិន័យនៅក្នុងអង្គការហ្នឹង ក្នុងការដកយ៉ាងម៉េច និងការផ្តល់ហ្នឹងយ៉ាងម៉េច»។

លោក ប៊ុន ហុន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងនេះបានលើកឡើងដែរថា លោកនឹងដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដែលតំណាងមកពីក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំច្បាប់ណាមួយសម្រាប់គ្រប់គ្រងផ្តល់គោរម្យងារ និងដកហូតគោរមងាររបស់ឧកញ៉ា។

លោកបញ្ជាក់ថា ការប្រជុំនឹងអាចធ្វើឡើងនៅក្រោយពីការបិទបញ្ចប់នៃជំងឺកូវីដ១៩។

លោកបន្តថា៖«ការប្រជុំទាល់តែមានការចាត់តាំងពីតំណាងក្រសួងពាក់ព័ន្ធមកគ្រប់អស់ហើយ ទើបយើងអាចដំណើរការប្រជុំ ធ្វើការស្រាវជ្រាវរៀបចំលិខិតបទដ្ឋានគតិយុទ្ធនេះបាន»។

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសបង្កើតក្រុមការងារនេះ គឺស្របពេលផ្ទុះឡើងរឿងឧកញ៉ា ហេង សៀ ដែលត្រូវបានកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍MYTV ចោទប្រកាន់ពីបទប៉ង់សេធសន្ថវៈ។ ប៉ុន្តែលោក ហេង សៀ បានប្ដឹងកញ្ញា មាន ពេជ្ររីតា ថាបានលួចទូរសព្ទនិងបានចាក់លោកឱ្យរងរបួសទៅវិញ។

ស្របពេលមានការប្រកាសបង្កើតច្បាប់គ្រប់គ្រងឧកញ្ញ៉ានេះ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ  លោក សំបូរ មាណ្ណារ៉ា បានលើកឡើងពីការប្រៀបធៀបថា រវាងឧកញ៉ាជំនាន់មុន និងជំនាន់ទំនើបនេះ គឺអ្នកមានងារជាឧកញ៉ាមានចរិតលក្ខណៈខុសគ្នាដាច់ស្រឡះ។

លោកបន្តថា៖« បើនិយាយពីចរិតលក្ខណៈ វាកើតចេញពីការអប់រំផងដែរ។ នៅពេលដែលយើងយកច្បាប់មកគ្រប់គ្រងប៉ុន្តែមិនបានយកតម្លៃនៃសីលធម៌មកគ្រប់គ្រង និយាយឱ្យចំទៅគឺមានលោកមួយចំនួនបានរៀនចេះដឹង ហើយលោកមួយចំនួនទៀតមិនបានរៀនប៉ុន្មានទេ ប៉ុន្តែលោកបានជួយអ្នកដទៃច្រើន លោកបានជួញដូរ ទទួលផល ដាក់ទុនដាក់អីទៅលោកបានក្លាយជាឧកញ៉ាអីញ្ចឹងដែរ»។

លោកបន្ថែមថា កត្តាទាំងនេះអាចបណ្តាលមកពីសង្គមសព្វថ្ងៃឱ្យតម្លៃទៅលើសម្ភារនិយមខ្លាំង និងគិតថាវាជាផ្នែកមួយនៃសង្គមដែលត្រូវគោរពឱ្យតម្លៃសម្ភារនិយម។ លោកបញ្ជាក់ថា កាលពីជំនាន់ដើម ការផ្តល់ងារជាឧកញ៉ាគឺដើម្បីបង្កើនផលប្រយោជន៍ដើម្បីទទួលបានកាពេញចិត្តពីព្រះមហាក្សត្រ បម្រើប្រជាជនដោយសុច្ចរិត និងមិនបានយកងារជាឧកញ៉ាទៅអួតក្អេងក្អាងនោះទេ។

លោកបញ្ជាក់ទៀតថា ឧកញ៉ាជំនាន់មុន ជឿនិងគោរពទៅលើពាក្យសច្ចៈណាស់ ប៉ុន្តែឧកញ៉ាជំនាន់ទំនើបនេះ មិនសូវជឿលើបុណ្យបាបប៉ុន្មាននោះទេ។ លោកថា ឧកញ៉ាទាំងអស់គួរងាកមកបម្រើផលប្រយោជន៍សង្គមជាតិ ក្នុងឋានៈខ្លួនជាអ្នកមានធនធានវិញ ដើម្បីធ្វើអំពើល្អឱ្យបានច្រើន តម្លៃកិត្តិយសនិងគុណធម៌ ដើម្បីឱ្យពលរដ្ឋគោរពនិងស្រលាញ់។

លោកថា៖« ផ្ទុយទៅវិញ បើសិនជាមានឧកញ៉ាតិចតួចណាមួយនោះយកងារជាឧកញ៉ារបស់គាត់ទៅប្រើក្នុងកិច្ចការទាំងឡាយដែលមិនត្រឹមត្រូវនោះ។ នោះគឺជាការបំផ្លាញនូវតម្លៃកិត្យានុភាពរបស់ព្រះរាជា ឬក៏ព្រះមហាក្សត្រ ឬក៏អ្នកដឹកនាំនោះឯង»។

ចំណែកលោក មាស នី អ្នកតាមដានបញ្ហាសង្គមយល់ឃើញថា ការផ្តល់ងារជាឧកញ៉ានៅកម្ពុជាកន្លងមក គឺមិនសូវមានតម្លាភាពនោះទេ។

លោកថា៖« យើងមិនបានដឹងថា តើការដែលគេជ្រើសរើសឧកញ៉ា គេជ្រើសរើសតាមលក្ខខណ្ឌបែបណាខ្លះ ប៉ុន្តែអ្វីដែលយើងដឹងគឺដឹងត្រឹមថា បើមានលុយនៅក្នុងកម្រិតណាមួយ ១០ម៉ឺន ៥០ម៉ឺនដុល្លារ អ្នកនោះនឹងបានក្លាយជាឧកញ៉ាដោយស្វ័យប្រវត្តិ»។

លោកបន្តថា ប្រសិនបើការយកងារជាឧកញ៉ាគ្រាន់តែជាការកំណត់ចំនួនលុយ គឺស្មើរនឹងការយកលុយទៅទិញសញ្ញាបត្រដោយមិនបាច់ឆ្លងកាត់ការប្រឡង។

គេដឹងថា ចំនួនឧកញ៉ានៅកម្ពុជាគិតចាប់ពីចាប់ពីខែមេសាឆ្នាំ១៩៩៥ ដល់ខែធ្នូ ឆ្នាំ២០១៥ មានចំនួន ៨១១នាក់ ប៉ុន្តែគិតមកដល់ឆ្នាំ២០២០ ចំនួនឧកញ៉ាត្រូវបានគេអះអាងថា បានកើនឡើងដល់រាប់ពាន់នាក់។

អនុក្រឹតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៥មេសា ឆ្នាំ១៩៩៤ ដែលត្រូវបានកែសម្រួលនៅថ្ងៃទី១មេសា ឆ្នាំ២០១៧ បានចែងថា សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី១០០០០០(ដប់ម៉ឺន) ដុល្លារអាមេរិក ឡើងទៅនិងត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់ទី១។ ចំពោះសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ៥០០០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះមហាក្សតព្រះរាជទានគោរមងារជាឧកញ៉ា៕