នៅព្រឹកថ្ងៃអង្គារទី១៨ឧសភានេះ ពលរដ្ឋជាង៣០នាក់នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាធ្វើពិធីដាក់បន់ស្រង់ដាក់បណ្ដាសាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីរបស់លោក ឧកញ៉ា ពុង ឃាវសែ បន្ទាប់ពីពួកគេចោទក្រុមហ៊ុននេះថាបានប្រើប្រាស់គ្រឿងច្រឈូសឆាយបំផ្លាញស្រូវពង្រោះរបស់ពួកគាត់។

លោក ទួន វណ្ណៈ ដែលមានស្រូវពង្រោះ១ហិតាត្រូវបានគ្រឿងចក្រក្រុមហ៊ុនឈូសកម្ទេចចោល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៌នេះថា ពលរដ្ឋនៅឃុំបឹងខ្យាង បាននាំរៀបចំពិធីសែនព្រេនដោយមានអញ្ជើញអាចារ្យ ការប្រគុំភ្លេងខ្មែរ និងតង្វាយមួយចំនួន ដើម្បីបែបន់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយរកដំណោះស្រាយជុំវិញទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។

លោកថា៖«មូលហេតុនាំឲ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្ញុំធ្វើពិធីដាក់បណ្ដាសានេះ ដោយសារក្រុមហ៊ុនបំពានកម្មសិទ្ធិស្របច្បាប់របស់គាត់មានទាំងស្រូវទៀត។ ការរៀបចំសែនព្រេនហ្នឹង វាមានអាចារ្យ ភ្លេងខ្មែរ និងតង្វាយអ៊ីចឹងទៅដើម្បីអន្ទងហៅមាតាម្ចាស់ស្រុក ម្ចាស់ទឹកម្ចាស់ដីដែលគ្រប់គ្រងនៅដែនដីហ្នឹង ឲ្យមានដំណោះស្រាយ ឬក៏បរាមុខដែលមកបំពានឈូសដីធ្លីរបស់យើងអ៊ីចឹងទៅ»។

ប្រជាពលរដ្ឋបានលើកឡើងថា ស្រូវពង្រោះរបស់ពលរដ្ឋចំនួន២គ្រួសារទំហំជាង១ហិកតា ត្រូវរងការខូចខាតដោយសារគ្រឿងចក្រចូលឈូសឆាយនៅថ្ងៃទី១៤ខែឧសភា។ ក្រមពលរដ្ឋបានអះអាងថា ក្រុមហ៊ុនមានបំណងចង់ឈូសឆាយដីស្រែជាច្រើនហិកតា ប៉ុន្តែត្រូវបានពួកគាត់ចេញតវ៉ាទប់ស្កាត់ទាន់ពេលវេលា។

អ្នកស្រី ងន គឹមហៀង បានលើកឡើងថា ស្រូវពង្រោះលោកស្រីប្រហែលកន្លះហិកតាត្រូវរងការខូចខាតដោយគ្រឿងចក្រឈូសបំផ្លាញ ខណៈជំងឺរាត្បាតកូវីដ១៩ បានធ្វើឲ្យអ្នកស្រីមិនអាចចេញរកស៊ីអ្វីផ្សេង ក្រៅពីការធ្វើស្រីនេះ។

អ្នកស្រីថា៖«ដឹងស្រាប់ហើយសម័យកូវីដទៅរកអីកើត ទៅនោះខ្លាចទៅនេះខ្លាច ឥឡូវនៅមើលតែកូន។ មីងថាបើក្មួយឯងទៅរកអីមិនបាន អ៊ីចឹងធ្វើស្រែទៅគ្រាន់បានលុយបន្តឲ្យកូនចាយ ហើយឥឡូវគេឈូសឆាយមិនដឹងមានអីរំពឹងទៀតទេ»។

អ្នកស្រីឲ្យដឹងថា ក្រុមពលរដ្ឋដែលមិនព្រមបោះបង់ដីស្រែទាំងនេះ ដោយសារតែខាងភាគីអាជ្ញាធរបានផ្ដល់សំណងទាបជាងទីផ្សារ ហើយមិនអាចយកលុយទាំងនោះទៅរកទិញដីនៅកន្លែងផ្សេងបាន។

អ្នកស្រីបន្តថា៖«គេឲ្យដីស្រែក៏៨ដុល្លារ ដីផ្ទះក៏៨ដុល្លារក្នុងម៉ែត្រការេ ហើយប្រជាជនចេះតែនាំគ្នាអត់ព្រម យើងដឹងស្រាប់ហើយដីឥឡូវថ្លៃ ឲ្យខ្ញុំ៨ដុល្លារទៅទិញឯណាបានលក់៣ ទៅ៤កន្លែងទិញ១កន្លែងមិនបានផងហ្នឹង! តម្លៃសមរម្យប្រជាពលរដ្ឋទាតាមតំបន់ទីផ្សារដីរបស់គេដែលអាចលក់បានដល់១០០ជាង ឬ៨០ជាងតំបន់ជាប់ផ្លូវ ឬមិនជាប់អ៊ីចឹងទៅ»។

ការសាងសង់ព្រលានយន្តហោះថ្មី កំពុងឈួសឆាយសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដោយក្រុមហ៊ុន CAIC របស់ឧកញ៉ា ពុង ខៀវសែ ស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ចំណែកលោក ណៃ ភន បានលើកឡើងថា ការធ្វើពិធីដាក់បណ្ដាសានេះ ព្រោះពលរដ្ឋហាក់អស់ជំនឿលើអាជ្ញាធរដែលមិនទាន់បានដោះស្រាយបញ្ហាការរំលាភបំពានដីស្រែរបស់ពួកគាត់។
សារព័ត៌មានខ្មែរណាស់មិនអាចសុំការបំភ្លឺពីលោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាលបានទេដោយសារទូរសព្ទហៅចូលគ្មានអ្នកទទួល។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការទាមទារតវ៉ារបស់ពលរដ្ឋគឺជារឿងត្រឹមត្រូវ ប៉ុន្តែការឈូសឆាយដីធ្លាដោយមិនមានសំណង ឬការព្រមព្រៀងពីពលរដ្ឋជាម្ចាស់ដីគឺជាការអនុវត្តខុសច្បាប់។

លោកថា៖« គាត់ធ្វើការតវ៉ាដើម្បីឲ្យមានដំណោះស្រាយនេះ ព្រោះជាដីរបស់គាត់កាន់កាប់ស្របច្បាប់។ ម្ដុំហ្នឹងបើតាមខ្ញុំដឹងគឺជាដីព្រលានយន្តហោះដែលវាមានរឿងមិនមែនទើបតែឥឡូវទេ តាំងចាប់ផ្ដើមគម្រោងរហូតមកដល់បច្ចុប្បន្នមានការទាមទារពីប្រជាពលរដ្ឋជាច្រើនលើកមកហើយ ដោយសារតែសំណងហ្នឹងប្រជាពលរដ្ឋគាត់មិនអាចទទួលយកបានខុសនឹងតម្លៃទីផ្សារឆ្ងាយពេក»។

លោកបន្តថា អាជ្ញាធរ ឬក្រុមហ៊ុនគួររកដំណោះស្រាយណាមួយដើម្បីឲ្យពលរដ្ឋទទួលយកសំណងពេញលេញ ដើម្បីធ្វើគម្រោងអភិវឌ្ឍព្រលាយន្តហោះនេះដំណើរការបានល្អ៕