ហ្វេសប៊ុក៖ Kroeurng Tola IP

សកម្មជនព្រៃឈើនិងជាជនជាតិដើមភាគតិចបានលើកឡើងថា ការស្នើសុំរបស់ក្រសួងបរិស្ថានដើម្បីឱ្យតាមបណ្ដាខេត្តចាត់វិធានការដកហូតដីព្រៃអភិរក្សមកវិញ បន្ទាប់ពីអាជ្ញាធរតាមមូលដ្ឋានចុះហត្ថលេខាឱ្យលក់ដូរនោះ នឹងមិនអាចមានប្រសិទ្ធិភាពនោះទេ និងមានតែការអនុវត្តច្បាប់ឱ្យបានតឹងរឹងប៉ុណ្ណោះទើបអាចការពារដីព្រៃបាន។

លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រម្សិលមិញថា ការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យមោឃភាពការចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋដែលគ្មានប្រសិទ្ធភាពនោះ ដោយសារដីទាំងនោះត្រូវបានគេយកធ្វើប្លង់ និងថែមទាំងដាំដំណាំរួចអស់ទៅហើយ។

លោកថា៖«ដីដែលមានប្លង់នៅដែនជម្រកអីហ្នឹង គឺមានដំណាំអស់ហើយ។ កន្លែងខ្លះមានដំណាំដោយខ្លះគេឈូសភ្លាម គេយកដើមឈើប៉ុនភ្លៅមកដាំតែម្តង បើចង់ឱ្យដកគឺមិនអាចនោះទេ»។

លោកបន្ថែមថា ភាគច្រើនដីដែលមានដំណាំរួចអស់ហើយ គឺអាជ្ញាធរតែងមានការអនុគ្រោះ និងពុំបានដកមកគ្រប់គ្រងវិញនោះទេ។ លោកបន្តថា បើចង់ឱ្យមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីព្រៃការពារ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុត ដោយលោកអះអាងថា សព្វថ្ងៃច្បាប់ស្ថិតនៅលើមាត់អ្នកមានអំណាច និងលុយ ដែលសូម្បីអភិបាលខេត្តក៏មិនហ៊ានជាមួយជនល្មើសដែរ។

កាលពីថ្ងៃទី១០ឧសភា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចេញលិខិតស្នើទៅអភិបាលខេត្តនានា ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ និងមោឃភាពចំពោះការចុះហត្ថលេខា ឬបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ លិខិតកាន់កាប់ប្រើប្រាស់ដីធ្លី និងលិខិតទិញលក់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ តំបន់របៀង និងតំបន់អភិរក្សជីវៈចម្រុះ។

តួលេខពីក្រសួងបរិស្ថានបញ្ជាក់ថា កម្ពុជាមានតំបន់កាពារនិងអភរក្សធម្មជាតិនៅលើផ្ទៃដីប្រមាណជាជាង៧.៣លានហិកតា។ លោក នេត្រ ភក្រ្តា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ក្រុមជនល្មើសបានព្យាយាមប្រើប្រាស់គ្រប់វិធីក្នុងការរុករានកាប់ឆ្កាដីរដ្ឋខុសច្បាប់ និងលក់ក្នុងតម្លៃថោក និងមានការដាំដំណាំដែលងាយលូតលាស់នៅលើដីទាំងនោះដូចជា ដើមចេក ស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗទៀត។

លោក៖«មួយចំនួនទៀតប្រើយុទ្ធសាស្ត្រគ្រៀវដើមឈើផង ដែលអ្នកពាក់ព័ន្ធនឹងទង្វើទាំងនេះត្រូវតែប្រឈមមុខនឹងច្បាប់ជាដាច់ខាត។  កន្លងមកក្រសួងធ្លាប់បានដកហូតយកដីរដ្ឋមកវិញជាច្រើនហិកតា ដែលក្នុងនោះមានដូចជាខេត្តកំពង់ស្ពឺ កំពង់ធំ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តមួយចំនួនផ្សេងទៀត»។

លោក ស៊ិន វណ្ណវុឌ្ឍន៍ អភិបាលស្រុកកែវសីមាបានអះអាងថា ក្នុងមូលដ្ឋានរបស់លោក មិនមានការចុះហត្ថលេខាទិញលក់ដីរដ្ឋនេះអស់ប្រមាណជាង៣ឆ្នាំហើយ តាំងពីធ្លាប់ចាប់បានមេឃុំ មេភូមិមួយចំនួនដែលប្រព្រឹត្តិបទល្មើសនេះ និងបានធ្វើការផ្លាស់ប្តូរអ្នកថ្មីដាក់វិញ។

លោកថា៖«កាលមុនធ្លាប់មាន តែបញ្ហានេះ ចេះតែមានការប្រឈមមុខច្បាប់ក៏វាលែងមានហើយ។ ព្រោះដីរដ្ឋគាត់(អ្នកកាប់រាន)ទៅកាប់ទៅអីវាខុសច្បាប់ ហើយខាងជំនាញគេអនុវត្តច្បាប់តឹងរឹងដែរ អ៊ីញ្ចឹងឥឡូវនេះមិនមាននោះទេ»។ 

ចំណេកលោក មើល សឿន អភិបាលស្រុកពេជ្រាដាបានលើកឡើង យ៉ាងខ្លីដែរថា នៅក្នុងមូលដ្ឋានរបស់លោកមិនដែលមានការចុះហត្ថលេខាទិញលក់ដីរដ្ឋនោះទេ មិនថាពីមុនឬក៏ឥឡូវនេះ។

ប៉ុន្តែលោក គ្រើង តុលា បានអះអាងថា នៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរី គឺមានការយកដីព្រៃទៅលក់ដូរសឹងតែគ្រប់ទីកន្លែងទៅហើយ បើគិតទៅប្រហែលរាប់សែនហិកតា។ លោកបន្តថា ចំពោះការទន្រ្ទានយកដីរដ្ឋមកលក់ ភាគច្រើនសុទ្ធតែជាអ្នកមានអំណាច។

ចំណែកលោក ឡោ ចាន់ មន្ត្រីអាដហុកប្រចាំខេត្តព្រះវិហារយល់ឃើញថា ការស្នើសុំនេះអាចមានប្រសិទ្ធិភាពបានតែដំបូងទេ លុះយូរទៅអាចនឹងមានសភាពស្ងាត់ដដែល ដូចករណីបទល្មើសព្រៃឈើកន្លងមក។ លោកបន្តថា ករណីទាំងនេះត្រូវបានឈ្មួញ ឬអ្នកមានអំណាចកាប់ទន្រ្ទានស្ទើរតែខ្ទេចខ្ទីអស់ហើយ។

លោកបន្ថែមថា៖« អាហ្នឹងរបៀបវែកចក ដូចជាបង្រ្កាបកន្លែងនេះ ទៅមានបទល្មើសកន្លែងនោះ ស្ងាត់កន្លែងហ្នឹងមែន ល្អកន្លែងហ្នឹងមែន តែលទ្ធផលចុងក្រោយនៅតែដដែលៗទេ»៕