រូបភាព៖ ហ្វេសប៊ុក Mala San


ពលរដ្ឋចេញតវ៉ាក្រោយក្រុមហ៊ុនចិនយកដីស្រែពួកគាត់២០ហិកតាទៅជួលឱ្យអ្នកផ្សេងឈូសឆាយ

នៅថ្ងៃទី១៣ឧសភានេះ ពលរដ្ឋចំនួន៣១នាក់នៅសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកគ្នាចេញតវ៉ាហាមឃាត់មិនឱ្យគ្រឿងចក្រភ្ជួររាស់លើដីចម្ការចំនួន២០ហិកតា ប៉ុន្តែអភិបាលស្រុកត្បែងមានជ័យចេញមកអះអាងថា ដីទាំងនោះជាដីដែលក្មួយរបស់ខ្លួនបានជួលពីក្រុមហ៊ុនចិនអស់ចំនួន៤ពាន់ដុល្លារ។

លោក សិន សានិត ដែលអះអាងថាជាម្ចាស់ដី បានឱ្យដឹងថា ដី២០ហិកតានេះ គឺកាន់កាប់ដោយពលរដ្ឋចំនួន៤គ្រួសារ ដើម្បីធ្វើស្រែចិញ្ចឹមជីវិត ប៉ុន្តែក្រោយមកមានក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង(Rui Feng) បានចូលមកឈូសឆាយឈប់ឱ្យពលរដ្ឋបង្កបង្កើតផលនៅឆ្នាំ២០១៤។ លោកបន្តថា មកដល់ឥឡូវនេះ ក្រុមហ៊ុនចិននោះបានឈប់កាន់កាប់ ហើយក្រុមពលរដ្ឋក៏ចាប់ផ្តើមចូលធ្វើស្រែឡើងវិញ ក៏ស្រាប់តែលេចចេញឈ្មួញមកភ្ជួរលើដីនេះ និងអះអាងថាបានជួលពីចិន។

លោកថ្លែងដូច្នេះថា៖«ដល់ពេលខ្ញុំទៅសួរអ្នកណាជួលរបស់អ្នកណា។ គាត់ថាជួលនឹងចិន គាត់ថាបើពួកខ្ញុំអត់ចង់ឱ្យភ្ជួរ ឱ្យទៅដោះស្រាយនឹងមេការចិន។ ខ្ញុំមើលមិនឃើញមេការចិនមក ស្រាប់តែឃើញចៅហ្វាយស្រុកគាត់មកសម្របសម្រួល។ គាត់ថាក្មួយគាត់អ្នកជួលចិនដី២០ហិចតាហ្នឹង គាត់ជួលចិនធ្វើអស់៤ពាន់ដុល្លារ ប៉ុន្តែពួកខ្ញុំមិនព្រមទេ»។

ក្រុមហ៊ុន រូយ ហ្វេង ដែលវិនិយោគដំាអំពៅ មានទំនាស់ដីធ្លីជាមួយពលរដ្ឋជាតិដើមភាគតិចអស់ពេលជាង១០ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនអះអាងថា បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបជាង៤ម៉ឺនហិកតា។

លោក សិន សានិត បន្ថែមថា អភិបាលស្រុកត្បែងមានជ័យមិនបានសម្របសម្រួលអ្វីនោះទេ គឺគ្រាន់តែសុំឱ្យពលរដ្ឋផ្ដល់ដីឱ្យក្មួយរបស់ខ្លួនបានធ្វើស្រែ១ឆ្នាំសិន ប៉ុន្តែពលរដ្ឋមិនព្រម ដោយសារពួកគេគ្មានដីស្រែផ្សេងសម្រាប់បង្កបង្កើតផល។

លោកថា៖«គាត់(អភិបាលស្រុក) បើពួកខ្ញុំមិនព្រម ឱ្យពួកខ្ញុំទៅដោះស្រាយជាមួយក្រសួងកសិកម្ម ហើយនឹងមេការចិន បើដោះស្រាយមិនចេញ គាត់បញ្ចូនឱ្យពួកខ្ញុំទៅតុលាការ»។

កសិករូបនេះបញ្ជាក់ទៀតថា នៅពេលក្រុមពលរដ្ឋចំនួន បានចេញតវ៉ាហាមឃាត់មិនឱ្យភ្ជួររាស់លើដីទាំងនោះ គឺភ្លាមៗ អ្នកបើកគ្រឿងចក្ររត់គេចខ្លួនបាត់។

ប៉ុន្តែ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យបានឆ្លើយតបថា លោកមិនទាន់បានទទួលដំណឹងថាមានការឈូសឆាយដីប្រជាពលរដ្ឋទេ ដោយជំរុញឱ្យសួរទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ លោកបន្ថែមថា៖«ការងារហ្នឹងនៅលើមន្ទីរកសិកម្មព្រោះគាត់ជាម្ចាស់សាមី ដីរដ្ឋចុះបញ្ជីនៅក្រសួងកសិកម្ម»។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការស្រាយបំភ្លឺពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានទេ ដោយទូរសព្ទហៅចូលតែត្រូវចុចបិទ។

លោក អំ សំអាត នាយករងនៃអង្គការលីកាដូបានលើកឡើងថា ដីទាំងនេះគឺមានទំនាស់រាំរ៉ៃយូរណាស់មកហើ។ លោកបន្តថា ទំនាស់ដីធ្លីនេះ ក៏មិនងាយនឹងបញ្ចប់ដែរ ប្រសិនអាជ្ញាធរមិនរួសរាន់ដោះស្រាយ ហើយអ្នកជួបផលលំបាកខ្លាំងគឺប្រជាពលរដ្ឋ។

លោកថា៖«ព្រោះដីសម្បទាន ជាដីដែលចេញដោយរដ្ឋាភិបាល។ អ៊ីចឹង!កន្លែងផ្សេងៗ ខ្ញុំឃើញស្រួលទេប្រសិនជារដ្ឋាភិបាល ឬក្រសួងរៀបចំដែនដីនគរូបនីយកម្ម គាត់ធ្វើការដោះស្រាយគឺលឿនទេ ប៉ុន្តែបើអាជ្ញាធរថ្នាក់ខេត្តអាហ្នឹងរាំរ៉ៃ ហើយដោះអត់ចេញទេកន្លងមក»។

ក្រុមហ៊ុន រូយ ហ្វេង បានប្រកាសបិទទាំងស្រុងនៅឆ្នាំ២០២០ ដោយសារបញ្ហាផ្ទៃក្នុង និងសេដ្ឋកិច្ច។
បើតាមអង្គការពន្លកខ្មែរ ក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាចំនួន៨៨៤១ហិកតា កាលពីឆ្នាំ២០១១។ ចំណែកក្រុមហ៊ុន៤ផ្សេងទៀត ដែលជាបណ្តាញជាមួយគ្នា គឺក្រុមហ៊ុនLan Feng ទទួលបាន៩០១៥ហិកតា ក្រុមហ៊ុនHeng Rui ចំនួន៩១១៩ហិកតា ក្រុមហ៊ុនHeng Non ចំនួន៦៤៨៨ហិកតានិងក្រុមហ៊ុនHeng Yue ចំនួន៨៩៥៩ហិកតា។ សរុបផ្ទៃដីសម្បទានទាំងអស់ដែលក្រុមហ៊ុននេះទទួលបាន មានចំនួន៤២៤២២ហិកតា គឺផ្ទុយពីច្បាប់ភូមិបាលដែលអនុញ្ញាតឱ្យផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រោម១ម៉ឺនហិកតាតែប៉ុណ្ណោះ៕