អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃអង្គារ៍ម្សិលមិញថា ខ្លួនកំពុងពិនិត្យឡើងវិញនូវទិន្នន័យអ្នកជំងឺឆ្លងកូវីដ១៩នៅក្នុងប្រទេសសីស្ហែល បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសនេះបានរាយការណ៍ថា មួយភាគបីនៃអ្នកឆ្លង គឺបានចាក់វ៉ាក់សាំងហើយរួចរាល់ទាំងពីរដូស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានReuters។
ស៊ីហ្ហែល គឺជាប្រទេសប្រជុំកោះចំនួន១១៥ និងមានចំនួនប្រជាជនតិចជាង១សែននាក់ស្ថិតនៅមហាសមុទ្រឥណ្ឌា។
ទាំងក្រសួងសុខាភិបាលនេះនិងអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ភាគច្រើននៃអ្នកដែលបានធ្វើតេស្តវិជ្ជមាន គឺអ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬចាក់បានដូសទី១ ហើយថាគ្មានអ្នកជំងឺកូវីដដែលបានចាក់វ៉ាក់សាំងហើយរួចរាល់ទាំងពីរដូសបានស្លាប់នោះទេ។ លើសពីនេះ ស្ទើរតែទាំងអស់នៃអ្នកដែលត្រូវការព្យាបាលក្នុងករណីប្រឈមជំងឺធ្ងន់ធ្ងរគឺមិនបានចាក់វ៉ាក់សាំង។
អង្គការសុខភាពពិភពលោកបានលើកឡើងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសមហាសមុទ្រឥណ្ឌានេះ ដើម្បីបន្តពិនិត្យឡើងវិញទិន្នន័យ វាយតម្លៃវឌ្ឍនភាព និងស្វែងយល់អំពីនិន្នាការ។
ក្រសួងសុខាភិបាលប្រទេសសីស្ហែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ជាមធ្យមចំនួនឆ្លងថ្មីក្នុងមួយសប្ដាហ៍ គឺបានកើនឡើងពី១២០នាក់នៅថ្ងៃទី៣០ខែមេសា ដល់៣១៤នាក់នៅថ្ងៃទី៨ខែឧសភា ដោយស្ទើរតែពីរភាគបីនៃករណីវិជ្ជមាននេះគឺជាការទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍បន្តថា ប្រហែល ៣៧% នៃអ្នកដែលធ្វើតេស្តវិជ្ជមានទាំងនេះ គឺបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់។ រហូតមកដល់ពេលនេះ ប្រទេសសីស្ហែលមានប្រជាជនប្រហែល៦០%បានចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ ហើយក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងពីរដូសនេះ គឺ៥៧%បានចាក់វ៉ាក់សាំងរបស់ចិនឈ្មោះ Sinopharm និង៤៣%បានចាក់វ៉ាក់សាំង AstraZeneca៕