រូបភាព៖ ហ្វេសប៊ុក Wonders of Mekong

ទោះបីជានៅដើមរដូវវស្សាឆ្នាំ២០២១ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំ២០២០ ប៉ុន្តែទឹកទន្លេមេគង្គហាក់នៅមានកម្រិតទាបនៅឡើយ និងជាកម្រិតមួយដែលធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថា អាចធ្វើឱ្យប៉ះពាល់ការដល់ត្រីពង និងធ្វើឱ្យចំនួនត្រីបន្តថយចុះ។

លោក វង្ស សាវឿន នាយរងរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៥ឧសភានេះថា នៅឆ្នាំ២០២១ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមានកម្រិតទាបនៅឡើយ ហើយបើប្រៀបធ្រៀបនឹងឆ្នាំ២០២០ គឺមានភាពប្រហាក់ប្រហែលគ្នា។

លោកថា៖«ប្រសិនជាទឹកទន្លេនៅទាបយ៉ាងនេះ លំហូរទឹកនៅខ្សោយ លក្ខណៈជីវសាស្ត្ររបស់ត្រី គឺនឹងអាចមានការថយចុះ ដោយសារការទម្លាក់កូនពងរបស់វា។ វាអត់អាចទទួលផលជាវិជ្ជមាននោះទេ ព្រោះពងត្រីមានពីរប្រភេទមានតោង និងបណ្តែត។ មួយទៀតប្រសិនជាទឹកឡើងវាសាយភាយទៅដល់តាមអូរ តាមប្រឡាយ តាមវាលស្រែផ្សេងៗ ផលត្រីនឹងមានការកើនឡើង»។

លោកបានបន្ថែមថា ប្រសិនបើទឹកឡើងមកធំ ផលត្រីនឹងមានការកើនឡើង២០ ទៅ២៥ភាគរយនៅឆ្នាំ២០២១នេះ ប៉ុន្តែបើទឹកនៅថេរ ឬមានកម្រិតឡើងយឺត វានឹងអាចថយចុះប្រមាណពី២០ទៅ២៥ភាគរយវិញ ព្រោះជម្រកព្រៃលិចទឹក ទឹកឡើងមិនដល់ ដែលធ្វើឱ្យពងត្រីខ្វះទីជម្រកសម្រាប់បង្កកំណើត។

លោកបន្ថែមថា តាមការស្រាវជ្រាវរបស់ប្រជានេសាទ ផលត្រីនៅឆ្នាំ២០២០ មានការកើនឡើងចំនួន១០ភាគរយ ដោយសារមានការទប់ស្កាត់ការនេសាទខុសច្បាប់បានចំនួនច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF កម្ពុជាបានបញ្ជាក់ថា ធនធាន ជលផលទឹកសាប គឺជាប្រភពប្រូតេអ៊ីនសំខាន់បំផុតសម្រាប់មនុស្ស២០០លាននាក់នៅតំបន់អាស៊ីអាហ្វ្រិក និងអាមេរិកខាងត្បូង ព្រមទាំងជាប្រភពផ្ដល់ការងារនិងរបរចិញ្ចឹមជីវិតដល់មនុស្សចំនួន៦០លាន នាក់ផង ដែរ ។

ចំណែកលោកស្រី ជា សីលា អ្នករៀបចំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រាប់ដែរថា តាមការប៉ាន់ស្មាន នៅឆ្នាំ២០២១នេះ នឹងមានត្រីច្រើនជាងឆ្នាំ២០១៩ និង២០២០ ព្រោះនៅដើមរដូវវស្សានេះមានភ្លៀងធ្លាក់ច្រើនជាងឆ្នាំកន្លងទៅ។

លោកថាស្រី៖«យើងឆ្នាំនេះឃើញថាមានភ្លៀងធ្លាក់ច្រើន រៀងរហ័ស ហើយច្រើន​មេជាងរាល់ដង។ អ៊ឹចឹង! ធ្វើឱ្យទំហំកម្រិតទឹកហ្នឹងគឺនៅមានស្ថានភាពធម្មតានៅឡើយ មិនទាន់ប្រកាសអាសន្នថាយើងដាច់ទឹក ដាច់អីនោះទេ។ ហើយអ៊ីចឹង វាជាសញ្ញាណមួយដែលល្អសម្រាប់ត្រីដែរ ដោយសារតែយើងតែងតែនិយាយថាទីណាមានទឹកទីនោះមានត្រី»។

លោកស្រីបន្តថា នៅក្នុងប្រទេសកម្ពុជាយើងប្រសិនជាមានទឹកកាន់តែធំ នោះចំនួនត្រីមានចំនួនកាន់តែច្រើន ដែលវាខុសពីវិស័យកសិកម្ម ព្រោះកាលណាទឹកកាន់តែធំ វានឹងបំផ្លាញដំណាំរបស់កសិករ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ដថា កន្លងមកប្រជានេសាទតែងតែត្អួញត្អែរថាត្រីមានការធ្លាក់ចុះ ដោយសារមានកត្តាជាច្រើនដូចជា ការសាងសង់ទំបន់ ការនេសាទហួសកម្រិតឬការនេសាទខុសច្បាប់ ស្ថានភាពទឹកមានការប្រែប្រួល អ្នកនេសាទមានការកើនឡើង និងការកាន់កាប់ទន្ទ្រានដីលិចទឹកធ្វើកសិកម្មផងដែរ។

ចំណែកលោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលហៅកាត់(FACT) បានឱ្យដឹងដែរថា នៅដើមវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនមេហើយ ប៉ុន្តែស្ថានភាពទឹកមិនសូវមានលំហូរទេ ព្រោះនៅតាមទន្លេមេគង្គមានទំនប់ច្រើន ដូច្នេះមានតែទឹកភ្លៀងទេ ដែលហូរចូលក្នុងទន្លេ និងបឹងបន្តិចបន្តួច។

លោកថា៖«ទាក់ទងនឹងផលត្រីសម្រាប់ឆ្នាំ២០២០ យើងឃើញថាមិនមានកើនឡើងទេ ស្ថានភាពទឹកកាលហ្នឹងតូច។ អ៊ឹចឹង!ត្រីមិនមានការកើនឡើងជាងមុនទេ ប៉ុន្តែផ្អែកវាវីវប្បកម្មអភិវឌ្ឍច្រើន ប៉ុន្តែត្រីធម្មជាតិអត់មានច្រើនទេ ដោយសារស្ថានភាពទឹកតូច»។

លោកបានបន្ថែមថា ទឹកមានកម្រិតកាន់តែទាបប៉ន្មានឆ្នាំចុងក្រោយនេះ ដោយសារមានកត្តារួមផ្សំគ្នាជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍតាមដងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ព្រៃលិចទឹកមិនសូវបានល្អ។

លោកបានស្នើមន្ត្រីពាក់ព័ន្ធ និងសហគមន៍នេសាទ ត្រូវតែធ្វើការអប់រំផ្សព្វផ្សាយបន្ថែមឱ្យបានច្រើនទាក់ទងនឹងការគ្រប់គ្រងតំបន់ព្រៃលិចទឹក ព្រោះព្រៃលិចទឹកមានការប៉ះពាល់ច្រើនដោយសារការទន្ទ្រានយកដីធ្វើកសិកម្ម ដែលធ្វើឱ្យបាត់បង់ទីជម្រកធនធានធម្មជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាផលិតផលជលផលសរុបមានចំនួន ៩៣ម៉ឺនតោន ក្នុងនោះ ផលិតផលទឹកសាប មានចំនួន ៤១ម៉ឺនតោន ផលិតផលសមុទ្រ មានចំនួន ១២ម៉ឺនតោន និងផលិតផលវារីវប្បកម្មចំនួន៤០ម៉ឺនតោន៕