រូបភាពពី៖ សមាគមវារីវប្បករនៅកម្ពុជា

ក្រុមកសិករចិញ្ចឹមត្រីមួយចំនួនកំពុងពិចារណាដើម្បីបោះបង់ឬពន្យារពេលក្នុងការប្រកបមុខរបបនេះសិន ដោយសារពួកគាត់ត្រូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារមានត្រីរាប់ពាន់តោនត្រូវកកស្ទះគ្មានទីផ្សារលក់ចេញ។

លោក ឡែម ភូរសុភារិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាបានប្រាប់ខ្មែរណាស់នៅថ្ងៃទី៤ឧសភានេះថា អ្នកចិញ្ចឹមត្រីខ្នាតតូចភាគច្រើន អាចនឹងបោះបង់ការចិញ្ចឹមត្រី ដោយសារត្រីនៅក្នុងឆ្នាំនេះ គ្មានទីផ្សារលក់ចេញ ហើយបើបានលក់គឺមានតម្លៃ​ថោក​ជាងការផលិតទៅទៀត។

លោកថា៖«អ្នកដែលចិញ្ចឹមខ្នាតតូច ដែលមានស្រះក្រោម១ពាន់ម៉ែត្រការ៉េ ប្រហែលជាគាត់ឈប់ច្រើន ដោយសារពួកគាត់ខាតច្រើន។ ចំណែកអ្នកចិញ្ចឹមខ្នាតធំដែលមានស្រះចាប់ពី១ពាន់ម៉ែត្រការ៉េឡើងទៅ ពួកគាត់មិនឈប់ទេ ប៉ុន្តែកាត់បន្ថយការចិញ្ចឹម ពីព្រោះពួកគាត់គិតថាទីផ្សារទៅពេលអនាគតវាមិនល្អ»។

លោកបន្តថា នៅក្នុងប្រទេសកម្ពុជា មានអ្នកចិញ្ចឹមត្រីខ្នាតតូចមានប្រហែល ៥០% អ្នកចិញ្ចឹមត្រីខ្នាតមធ្យមមានចំនួន ៣០% និងអ្នកចិញ្ចឹមត្រីខ្នាតធំមាន ២០%។ បច្ចុប្បន្នសមាគមវារីវប្បករ គឺមានសមាជិកផ្លូវការចំនួន៣៣៥នាក់ ដែលក្នុងនោះមាននៅក្នុងខេត្តកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ កណ្តាល និងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣ឧសភា សមាគមវារីវប្បករនៅកម្ពុជាបានចេញសេចក្តីប្រកាសមួយស្តីពីការកកស្ទះត្រីរបស់អ្នកចិញ្ចឹមត្រីក្នុងសមា​គម ដែលមានទំហំជាង៥ពាន់តោន និងត្រីដែលត្រូវចាប់លក់បន្តមានជាង៤ពាន់តោន ខណៈដែលអ្នកចិញ្ចឹមត្រីខ្លះរារែកក្នុងការប្រកបរបរចិញ្ចឹមត្រីបន្ត។

ទោះជាយ៉ាងណា ត្រីចិញ្ចឹមក្នុងស្រុកដែលកកស្ទះគ្មានទីផ្សារលក់ចេញនេះ គឺបានកើតជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំនេះ គឺប្រឈមស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ការប្រឈមខ្លាំងនេះ គឺបន្ទាប់ពីមានការផ្ទុះឡើងជំងឺកូវីដ១៩ ដែលធ្វើឱ្យពិធីបុណ្យទានផ្សេងៗ និងការរៀបអាពាហ៍ពិពាហ៍ជាដើមមិនអាចរៀបចំឡើងបាន និងដោយសារការនាំចូលត្រីទាំងស្របច្បាប់ និងខុសច្បាប់កាន់តែច្រើន។

កាលពីឆ្នាំ២០២០ ក្នុងរយៈពេល១ខែ ត្រីកកស្ទះត្រឹមចំនួនជាង៣ពាន់តោន ប៉ុន្តែក្នុងរយៈពេល១ខែដូចគ្នានៅឆ្នាំនេះ គឺត្រីកកស្ទះលក់មិនចេញរហូតដល់ជាង៥ពាន់តោន។ នេះបើតាមការអះអាងរបស់លោក  ឡែម ភូរសុភារិទ្ធិ។ 

លោក រុន គន្ធា អ្នកចិញ្ចឹមត្រីខ្នាតតូចនៅខេត្តពោធិ៍សាត់បានលើកឡើងថា លោកបានចាប់ផ្ដើមចិញ្ចឹមត្រីអណ្តែងបានមួយវគ្គនេះប៉ុណ្ណោះ ប៉ុន្តែឥឡូវបែរជាលក់បានថោក ដែលធ្វើឱ្យលោកត្រូវសម្រេចចិត្តផ្អាកមួយរយៈសិន។ កសិកររូបនេះបញ្ជាក់ថា កាលពីលោកចាប់ផ្ដើមចិញ្ចឹមដំបូង គឺខ្វះត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែនៅពេលត្រីលោកត្រូវដល់ពេលចាប់លក់ បែរសម្បូរត្រីច្រើននិងមានតម្លៃថោក។

លោកថា៖«វាអត់ចំណេញ ហើយត្រីខ្ញុំតែមួយស្រះទេ គិតទៅប្រហែលមួយតោន តែឥឡូវខ្ញុំលក់អស់ហើយ ខាតទាំងដើមទៀត បើគិតជាលុយប្រហែល ១ពាន់ដុល្លារ។ ខ្ញុំផ្អាកចិញ្ចឹមសិន ព្រោះត្រីមើលទៅដូចកកកុញពេក»។

សារព័ត៌មានខ្មែរណាស់មិនអាចទាក់ទងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសាកសួរពីបញ្ហានេះបានទេ ដោយទូរស័ព្ទហៅចូលមិនមានការឆ្លើយតប។

លោក លក លឿន អ្នកចិញ្ចឹមត្រីខ្នាតធំនៅខេត្តកំពង់ចាម ដែលមានស្រះចិញ្ចឹមត្រីចំនួន៤៤ស្រះបានលើកឡើងថា លោកមិនរារែកក្នុងការបន្តចិញ្ចឹមត្រីបន្តនោះទេ ប៉ុន្តែលោកនឹងប្រើវិធីសាស្រ្តផ្សេង ដែលអាចប្រមូលផលត្រីបានជារៀងរាល់ខែដើម្បីជៀសវាងការកកស្ទះត្រីច្រើនដូចឆ្នាំនេះ។

លោកថា៖«ខ្ញុំនៅស្ទះត្រីឆ្តោរដែលត្រូវលក់ក្នុងខែ៥ខែ៦នេះ ប្រហែលជា ២ រយ តោន និងត្រីប្រាប្រហែលជា៣រយតោនទៀត។ បើតម្លៃត្រីនៅថោក ហើយមានការកកស្ទះបែបនេះ អាចខាតជាក់ស្តែងក្នុងកសិដ្ឋានរបស់ខ្ញុំមិនក្រោម១០ម៉ឺនដុល្លារនោះទេ»។

លោកបន្តថា ប្រសិនបើមិនមានការនាំចូលត្រីដោយខុសច្បាប់ ត្រីចិញ្ចឹមក្នុងស្រុកក៏មិនត្រូវគ្មានទីផ្សារដូចនៅពេលនេះដែរ។ លោកបន្ថែមថា នៅកម្ពុជាអ្នកដែលចំណេញច្រើន មិនមែនជាអ្នកចិញ្ចឹមនោះទេ តែជាឈ្មួញកណ្តាល ហើយជាក់ស្តែងឈ្មួញទាំងនោះ មិនបានគិតពីផលប្រយោជន៍របស់ពលរដ្ឋ ក៏អ្នកចិញ្ចឹមត្រីក្នុងស្រុកឡើយ ដោយពួកគេព្យាយាមខិតខំនាំចូលត្រីខុសច្បាប់ពីវៀតណាមមកលក់បន្តវិញ៕