លោក តៃ សុង កំពុងបង្ហាញសកម្មភាពឈូសបន្លែរបស់លោកចោល ប្រភព៖ លោក តៃ សុង

កាលពីថ្ងៃអាទិត្យទី២ឧសភា លោក តៃ សុង កសិករដាំសាលាដ ដើមខ្ទឹម និងអំពៅលើផ្ទៃដី៦ហិកតានៅស្រុកស្អាងខេត្តកណ្ដាល បានឈូសបន្លែសាលាដចោលជាលើកទី៣អស់ប្រមាណកន្លះហិកតាបន្ថែមទៀត ដោយសារសាលាដរបស់លោកនៅតែមិនមានទីផ្សារសម្រាប់លក់ចេញ។

លោក តៃ សុង កសិករនៅភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃច័ន្ទទី៣ឧសភានេះថា សាលាដដែលបានឈូសចោលជាលើកទី៣នេះ គឺមានប្រហែល១៤តោន និងបានចំណាយដើមទុនអស់ប្រហែល២ពាន់ដុល្លារ។

លោកបន្តថា សាលាដគឺជាបន្លែងាយប្រឈមខូចនិងមិនអាចទុកបានយូរនោះទេ ហើយបើគិតចាប់តាំងពីលោកឈូសចោលលើកទី១អស់ប្រហែល៣០តោនកាលពីអំឡុងពាក់កណ្ដាលខែធ្នូ បូកនឹងការឈូសចោលលើកទី២និងលើកទី៣នេះអស់ជាង២០តោនទៀត គឺមានចំនួនជាង៥០តោនហើយ និងធ្វើឱ្យលោកត្រូវខាតបង់ដើមទុនអស់ប្រហែល៦ពាន់ដុល្លារ។

លោកថ្លែងដូច្នេះថា៖«បើគិតតាំងពីខែ១២មក នេះជាលើកទីបីហើយ ដែលក្នុងអំឡុងពេលកូវីដនេះធ្វើការឈូសចោល២ដងហើយ។ សារមុនអស់ប្រហែលជា៣០តោនហើយ ហើយមកលើកក្រោយនេះទៀតអស់ខ្ទង់ជាង២០តោនទៀត»។

កាលពីថ្ងៃទី៣០មេសា ក្រុមមន្រ្តីមន្ទីរកសិកម្ម និង មន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល បានចុះទៅណែនាំឱ្យលោក  តៃ សុង ធ្វើកិច្ចសន្យាបញ្ឈប់ការថតបង្ហោះតាមហ្វេសប៊ុកអំពីសកម្មភាពឈូសបន្លែ សាលាដចោលបន្ថែមទៀត ដោយមន្រ្តីចាត់ទុកថា វាជាទង្វើធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់មន្រ្តីនិងការញុះញង់។  

ការចុះទៅណែនាំ បន្ទាប់ពីកសិកររូបនេះ បានបង្ហោះតាមហ្វេសប៊ុកអំពីសកម្មភាពឈូសបន្លែសាលាដចោល និងបានត្អួញត្អែរថាដោយសារគ្មានទីផ្សារសម្រាប់លក់ក្នុងវិបត្តិកូវីដ១៩។

លោក តៃ សុង បានបន្ថែមទៀតថា ដំណាំបន្លែនិងចម្ការអំពៅរបស់លោកទាំង៦ហិកតា គឺមិនទាន់បានលក់បានថវិការនោះទេ ហើយដើមខ្ទឹមដែលមានចំនួន៣ហិកតា នឹងត្រូវរងចាំប្រហែលជាកន្លះខែទៀតទើបអាចប្រមូលផលបាន។

លោកបន្តថា៖«ក្រោយពីការឈូសចោលនេះ ផ្អាកការដាំសិន អស់លុយធ្វើហើយ។ ចាំមើលមានឱកាសល្អចប់កូវីដ អាជីវករដំណើរការរកស៊ីលក់ដូរវិញ ចាំខ្ញុំរៀបចំដាំសារថ្មីទៀត។ ក្នុងផ្ទៃដី៦ហិកតានេះ ខ្ញុំចំណាយមិនក្រោម២ម៉ឺនដុល្លារនោះទេ»។

លោក តៃ សុង បានអះអាងថា លោកនៅសល់បន្លែសាលាដប្រមាណ១ ហិក តាទៀត និងអំពៅកន្លះហិកតា ដែលនឹងអាចត្រូវឈូសចោលទៀត ប្រសិននៅតែគ្មានទីផ្សារ ដោយសារត្រូវដល់ពេលប្រមូលផលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា៖«អំពៅហ្នឹងប្រឈមមុខមួយខែទៀតអស់ពេលវេលាដែលត្រូវទុកហើយ។ អំពៅនេះខាតអស់ចំនួន៥ពាន់ដុល្លារមានផ្ទៃដី៦៥អារដែល។ ចំពោះខ្ញុំផ្ទាល់ដាំចំនួន៣មុខហ្នឹង មានដូចជា សាឡាត់ ខ្ទឹម និងអំពៅ»។

សារព័ត៌មានខ្មែរណាស់ មិនអាចទាក់ទងលោក ប៊ុន ទួនស៊ីមុំណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលបាននោះទេ ដោយទូរស័ព្ទហៅចូលមិនមានអ្នកទទួល។

ក្រុមកសិករបានចាប់ផ្ដើមត្អួញត្អែរកាន់តែខ្លាំងគ្មានទីផ្សារ ចាប់តាំងពីរដ្ឋាភិបាលសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ រួមទាំងបិទផ្សារទាំងអស់ទៅក្នុងទីក្រុងភ្នំពេញដើម្បីទប់ការឆ្លងរាលដាលដោយជំងឺកូវីដ១៩។

កាលពីថ្ងៃទី២ឧសភានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ទីក្រុងភ្នំពេញនិងខេត្តនឹងត្រូវបើកឡើងវិញ ប៉ុន្តែរដ្ឋាភិបាលនឹងបិទតែតំបន់តូចៗដែលមានការឆ្លងរាលដាលខ្ពស់ប៉ុណ្ណោះ។ សម្ដេចបន្តថា ការបិទខ្ទប់នោះ គឺធ្វើឡើងទាំងបង្ខំចិត្តប៉ុណ្ណោះ។

កាលពីថ្ងៃទី១ឧសភា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា  និងជាស្ថាប័នកំពុងធ្វើការជាមួយកម្មករជាង២ម៉ឺនគ្រួសារបានចេញសេចក្ដីថ្លែងការណ៍រួមមួយ ស្នើឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយឱ្យកសិករ ស្របពេលសមាគមលើកឡើងថា អំឡុងពេលមានការបិទខ្ទប់ទីក្រុងនិងការដាក់បម្រាមគោចរ បានធ្វើឱ្យមានការរំខាននិងចាប់ឃាត់ ចំពោះការដឹកជញ្ជូនបន្លែរបស់កសិករ ដែលបានដឹកពីខេត្តយកមកលក់នៅទីក្រុង៕