រូបភាព៖ TYDA

នៅថ្ងៃទី៣ឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងថ្មីចំនួន៨៤១នាក់ និងជាតួលេខឆ្លងប្រចាំថ្ងៃដែលបានកើនឡើងខ្ពស់វិញគិតចាប់តាំងពីមានការធ្លាក់តាំងពីថ្ងៃទី៣០មេសាមក។

កម្ពុជាបានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺនៅថ្ងៃទី២៩​មេសា ដែលមានចំនួន៨៨០នាក់ ប៉ុន្តែនៅថ្ងៃទី៣០ថយចុះ​មក​ត្រឹម៧៦១នាក់ នៅថ្ងៃទី១ឧសភាថយចុះច្រើនមកត្រឹម៣៣៨នាក់ និងថ្ងៃនៅថ្ងៃទី២ឧសភាម្សិលបានកើនឡើងវិញគឹមានចំនួន​ឆ្លងចំនួន៧៣០នាក់។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុបកើនដល់១៥៣៦១នាក់ ក្នុងនោះស្លាប់ចំនួន១០៦នាក់ និងជាសះស្បើយចំនួន​៥៤៣០​នាក់។ ចំពោះតួលេខឆ្លងនៅថ្ងៃនេះ គឺរាជធានីភ្នំពេញបន្តរកឃើញច្រើនជាងគេគឺមានចំនួន៥២៥នាក់ និងខេត្តបន្ទាយមានជ័យមានចំនួន១៥៣នាក់ ខេត្តព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ ត្បូងឃ្មុំ៩នាក់ តាកែវ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ៦នាក់ និងខេត្តព្រៃវែងម្នាក់។

ចំនួនឆ្លងប្រចាំថ្ងៃដែលបន្តកើនឡើងនេះ ស្របពេលសម្ដេចនាយករដ្ឋមន្រ្តីទើបបានប្រកាសនៅយប់ថ្ងៃទី២ឧសភាថា រដ្ឋាភិបាលនឹងបើកទីក្រុងភ្នំពេញនិងខេត្តឡើងវិញ ប៉ុន្តែបន្តបិទខ្ទប់តែតំបន់តូចៗដែលមានការឆ្លងរាលដាលកូវីដ១៩ខ្ពស់ប៉ុណ្ណោះ។ លោកបន្តថា ការបិទខ្ទប់ទីក្រុងភ្នំពេញនិងទីក្រុងតាខ្មៅ គឺជាការបង្ខំចិត្តឱ្យដើមទប់ស្កាត់ការឆ្លងនិងអ្នកស្លាប់ប៉ុណ្ណោះ។

រដ្ឋាភិបាលបានសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញនិងទីក្រុងតាខ្មៅតាំងពីថ្ងៃទី១៥មេសា ប៉ុន្តែចាប់តាំងពីការបិទខ្ទប់នោះ គឺករណីឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់ជាបន្តបន្ទាប់៕