រូបភាព៖ ហ្វ៊េសប៊ុក លោក វេង សខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ស្របពេលរដូវវស្សាបានចូលមកដល់ កសិករចាប់ផ្តើមភ្ជួររាស់ដីសម្រាប់ដាំដុះស្រូវ និងដំណាំផ្សេងៗទៀត ទោះបច្ចុប្បន្ននេះ កសិករខ្លះកំពុងត្អួញត្អែរអំពីបន្លែចុះថោកឬគ្មានទីផ្សារដោយវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្ដី។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដនេះ វិស័យកសិកម្មមិនអាចគេចផុតពីបញ្ហាបាននោះទេ ប៉ុន្តែមន្រ្តីកសិកម្មនៅតែជំរុញឱ្យកសិករបន្តបំពេញមុខងារដាំដុះ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារក្នុងវិបត្តិកូវីដ។

លោកថា៖«ចំណូលគ្រួសារពីរោងចក្រចុះខ្លាំងហើយ ប៉ុន្តែវិស័យកសិកម្មហ្នឹង​ យើងមានផលប៉ះពាល់ដែរ តែមិនជាធ្ងន់ធ្ងរពេកទេ ដោយសារចរន្តទីផ្សារស្រូវអី ខាងវៀតណាមនៅតែទទួលទិញ»។

លោកបន្តថា ដំណាំដែលមានផលប៉ះពាល់នោះមានតែបន្លែ និងស៊ុតដោយសារតែរដ្ឋាភិបាលបានបិទការធ្វើដំណើរ ដូច្នេះឈ្មួញពិបាកយកទៅលក់ចែកចាយបន្ត។ ដោយឡែកចំពោះដំណាំស្រូវវិញ មិនមានផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩នោះទេ ផ្ទុយទោវិញបែរជាមានតម្លៃខ្ពស់ជាងឆ្នាំ២០២០ទៅទៀត។ ក្នុងឆ្នាំ២០២១នេះ ស្រូវមានតម្លៃក្នុងមួយគីឡូ៨០០​ទៅ​១១០០​រៀល ខណៈឆ្នាំ២០២០ មានតម្លៃពី៧០០ទៅ៨០០រៀល។


លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា មកដល់ពេលនេះ ការដាំដុះស្រូវដើមរដូវវស្សា និងស្រូវវស្សាបានចាប់ផ្តើមបណ្តើរៗហើយ។ ចំពោះផ្ទៃដីដែលបានដាំដុះធៀបនឹងឆ្នាំមុន គឺមិនអាចទាន់និយាយថា កើនឬថយចុះនៅឡើយទេ ព្រោះការដាំដុះទើបតែចាប់ផ្តើមប៉ុន្តែសម្រាប់ការយល់ឃើញ របស់លោក គឺការដាំដុះ ជាពិសេសនៅតាមតំបន់មានប្រព័ន្ធស្រោចស្រព នឹងមិនមានការថយចុះនោះទេ។

ចំពោះការចុះផ្តល់សេវាកម្មបច្ចេកទេសរបស់មន្ត្រីថ្នាក់ជាតិក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩ គឺបានអាក់ខានមួយរយៈ ប៉ុន្តែការចុះតាមដានផលិតកម្មរបស់មន្ត្រីនៅតាមមូលដ្ឋាននៅតែដំណើរការ ប៉ុន្តែមិនមានការជួបជុំជាលក្ខណៈ​ទ្រង់ទ្រាយធំៗដូចមុនទេ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មឱ្យដឹងថា ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរួមមានផ្នែកដំណាំ កៅស៊ូ ផលិតកម្មសត្វ និងវារីវប្បកម្ម មានតម្លៃជាង២០៩០លានដុល្លារ។

ក្នុងនោះការនាំចេញផ្នែកដំណាំគឺបានកើនឡើងជាង៨៧ភាគរយ បើប្រៀបធៀប៤ខែដូចគ្នាកាលពីឆ្នាំ២០២០។ ប៉ុន្តែការនាំចេញអង្ករបានថយចុះជាង៣៥ភាគរយ រីឯការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមវិញបានកើនឡើង៧៣%។

នៅក្នុងរបាយការណ៍បន្តថា ក្នុងរយៈពេល៤ខែនេះ កម្ពុជាបាននាំចេញកសិផលផ្នែកដំណាំជាង៣លាន៨សែនតោនទៅកាន់ប្រទេសចំនួន៥៤ ក្នុងនោះអង្ករមានចំនួនជិត២សែនតោន និងស្រូវជាង១លាន៥សែនតោន។

លោក ឡុង រិទ្ធី កសិករដាំស្រូវចំនួន១៤ហិកតា នៅស្រុកពារាំង ខេត្តព្រៃវែងបានប្រាប់ដែរថា លោកបានចាប់ផ្តើមព្រោះស្រូវសម្រាប់រដូវវស្សានេះហើយ ប៉ុន្តែលោកមានការព្រួយបារម្ភ សម្រាប់ទីផ្សារនៅពេលខាងមុខ បើជំងឺកូវីដ១៩នៅតែបន្តរាលដាល ខណៈតម្លៃថ្នាំ ជី និងប្រេងឥនន្ទៈក៏មានតម្លៃកាន់តែខ្ពស់។

លោកបានបន្ថែមថា៖«ចំណុចហ្នឹងខ្ញុំមានការព្រួយបារម្ភខ្លាំងមែនទែន ចំពោះទីផ្សារស្រូវ ព្រោះកូវីដហ្នឹងយើងខ្លាចដឹកទៅវៀតណាមអត់រួចហ្នឹង ខ្លាចស្រូវខ្មែរយើងទិញអត់អស់ពីប្រជាពលរដ្ឋ។ អ៊ឹចឹង!ខ្លាចទីផ្សារធ្លាក់ថ្លៃ។ ចំណុចមួយទៀត ទីផ្សារជីឡើងថ្លៃក្នុងមួយប៉ាវ២ទៅ៣ម៉ឺនរៀល»។

លោកលើកឡើងបន្តថា តម្លៃស្រូវប្រាំងរបស់លោកដែលទើបតែប្រមូលផលចប់ លក់បានតម្លៃខ្ពស់ជាងឆ្នាំ២០២០ ព្រោះមានឈ្មួញជាជនជាតិខ្មែរ យកទៅលក់នៅប្រទេសវៀតណាម។ កសិកររូបនេះថ្លែងថា ស្របពេលកូវីដ១៩កំពុងរីករាលដាល លោកមិនមានការងារអ្វីផ្សេង ក្រៅពីការធ្វើស្រូវផ្សងព្រេង ដោយសង្ឃឹមថា ស្រូវនឹងអាចផ្ដល់ផលចំណេញ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានលើកឡើងថា ជុំវិញការផលិតអង្ករឬស្រូវរបស់កសិករ នឹងមិនសូរមានបញ្ហាចោទប៉ុន្មានឡើយ ព្រោះនៅតែអាចនាំចេញទៅក្រៅដដែល ដោយសារគ្រប់ប្រទេសទាំងអស់ត្រូវការស្បៀងអាហារ។

លោកថា៖«ទោះជាយ៉ាងណា ក៏យើងមិនអាចប្រលែងដៃ យើងត្រូវតែខិតខំរកទីផ្សារទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗទៀត ដើម្បីមានទីផ្សារកាន់តែទូលំទូលាយ។ អង្កររបស់យើងនាំចេញកាន់តែមានតម្លៃខ្ពស់ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកដាំដុះ និងផលិត»។

លោកបានបន្ថែមថា នៅដើមរដូវវស្សាឆ្នាំ២០២១នេះ កសិករនៅតែបន្តដាំដំណាំរបស់គាត់ធម្មតា ព្រោះវាជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីផ្គត់ផ្គង់គ្រួសារ និងលក់ទៅកាន់ទីផ្សារ។ ប៉ុន្តែលោកអះអាងថា កសិករនៅតែបារម្ភពីបញ្ហាទីផ្សារ ព្រោះមិនដឹងថាបញ្ហាជំងឺកូវីដ១៩ អូសបន្លាយដល់ពេលណានោះទេ៕

សឹម សល់ម៉ា