កាលពីថ្ងៃទី ២៨មេសា អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលហៅកាត់ថា NGOF បានធ្វើវេទិការមួយស្តីពី របាយការណ៍នៃការសិក្សាស្វែងយល់ពីផលប៉ះពាល់ នៃការវិនិយោគឆ្លងដែនក្នុងវិស័យកសិកម្មទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច និងការអនុវត្តកាតព្វកិច្ចការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមការចូលរួមពីស្ថាបនពាក់ព័ន្ធជាច្រើន។

លោក សុខ ឃីម ប្រធានកម្មវិធីនៃអង្គការអុកស្វាម បានលើកឡើងថា កម្មវិធីនេះផ្តោតទៅលើបញ្ហាសំខាន់ចំនួន២ ដែលក្នុងនោះគឺជាការស្រាវជ្រាវពីផលប៉ះពាល់នៃការវិនិយោគឆ្លងដែន និងផលប៉ះពាល់ពាក់ព័ន្ធជាមួយវិស័យធនាគារទៅលើបរិស្ថាន។

លោកថា៖«នៅក្នុងប្រទេសកម្ពុជារបស់យើងនេះ យើងឃើញថាមានលំហូរវិនិយោគជាច្រើន ទាំងក្នុងនិងក្រៅប្រទេស. ដូច្នេះការវិនិយោគទាំងអស់នេះតែងតែមានផលប៉ះពាល់ ហើយមានទាំងវិជ្ជមាន និងអវិជ្ជមាន ដែលក្រុមហ៊ុនវិនិយោគទាំងនោះគាត់ត្រូវការហិរញ្ញវត្ថុ ហិរញ្ញប្បទានពីវិស័យធនាគារ ក្នុងការយកមកវិនិយោគ»។

លោកបន្តថា វិស័យធនាគាមួយចំនួនមិនទាន់មានគោលការណ៍ក្នុងការផ្តល់ឥណទានដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនៅឡើយទេ។ កន្លងមកមានធនាគារច្រើនជាង២០ ដែលបានចុះទទួលស្គាល់គោលការណ៍នេះ ប៉ុន្តែស្ថិតនៅក្នុងគោលការណ៍ស្ម័គ្រចិត្ត ហើយលោកសង្ឃឹមថា ធនាគារទាំងអស់នោះនឹងយកគោលការណ៍ទាំងអស់ទៅអនុវត្ត។

ចំណែកលោក ចាន់សែន សុវណ្ណនាថ អ្នកស្រាវជ្រាវឯករាជ្យបាននិយាយថា ដើម្បីគោរពទៅក្នុងគោលការណ៍ដែលគោរពទៅដល់ការប៉ះពាល់បរិស្ថាន និងសង្គម វិស័យធនាគារទាំងអស់គប្បីសួរពីគោលបំណងរបស់អ្នកខ្ចី ដែលអាចឱ្យដឹងច្បាស់ថាពួកសុំខ្ចីដើម្បីយកទៅធ្វើអី។

លោកថា៖«ព្រោះរាល់អ្នកវិនិយោគ ឬអ្នកខ្ចីទាំងឡាយ នៅពេលដែលគាត់(អ្នកវិនិយោគ) ខ្ចី គាត់នឹងប្រាប់ពីគោលបំណងថាគាត់យកទៅធ្វើអ្វី។ ដូច្នេះម្ចាស់កម្ចីអាចពិនិត្យមើលទៅក្នុងការកំណត់កម្រិតហានិភ័យរបស់ខ្លួន ថាតើប៉ះពាល់ដល់ការសងត្រឡប់មកវិញ ឬក៏អាចប៉ះពាល់ដល់ភាគីទីបី ប៉ះពាល់ទៅលើបរិស្ថាន ប៉ះពាល់ទៅលើសង្គមដែរឬទេ»។

លោកបានបញ្ជាក់ថា បច្ចុប្បន្នលោកមិនបានផ្តោតស៊ីជម្រៅទៅលើថា តើធនាគារណាខ្លះនៅក្នុងប្រទេសកម្ពុជា បានអនុវត្តនូវគោលការក្នុងការគិតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គមនោះទេ ជាក់ស្តែងធនាគារជាតិមិនទាន់មានលក្ខខណ្ឌណាមួយបង្ខំឱ្យគោរពគោលការនេះទេ។

លោកថា នៅក្នុងនោះមានធនាគារ អេស៊ីលីដា បានសហការក្រោមគោលការណ៍ ESS( Environmental Social Sustainability) និងធនាគារ ABA បានសហការក្រោមគោលការណ៍ CSR( Cooperate Social Responsibility) ប៉ុន្តែទោះជាយ៉ាងណា ទាំងអស់នេះស្ថិតនៅក្រោមគោលការណ៍ស្ម័គ្រចិត្ត ដែលធនាគារទាំងនោះមានសិទ្ធិអនុវត្ត ឬក៏មិនអនុវត្តក៏បាន៕

អ៊ីសា ហាសាណះ