យោងតាមតួលេខពីខេត្តកណ្ដាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥មេសានេះ ខេត្តនេះបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ កើនដល់ចំនួន៦៦៩នាក់ ប៉ុន្តែជាះស្បើយវិញចំនួន៣៧០នាក់ និងស្លាប់ម្នាក់ ខណៈអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍នេះមានចំនួនជាង២ម៉ឺន៣ពាន់នាក់ ក្នុងនោះបានធ្វើតេស្ដចំនួន២ម៉ឺន៦រយនាក់។

រដ្ឋបាលខេត្តនេះបន្តថា អ្នកកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២.៦៦៤នាក់ អ្នកកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន៦.៦០៨នាក់ និងអ្នកបញ្ចប់ការធ្វើចត្តាឡីស័កហើយមានចំនួន ១៣.២៥៦ នាក់។

រដ្ឋបាលខេត្តកណ្ដាលប្រកាសថា តំបន់ដែលប្រឈមការឆ្លងរាលដាលខ្លាំងដំបូងក្នុងព្រឹត្តការណ៍នេះ គឺនៅស្រុកកោះធំ ដែលភាគច្រើន គឺឆ្លងចេញពីទីតាំងកាស៊ីណូ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ការឆ្លងរាលដាលខ្លាំងគឺចាប់ផ្ដើមផ្ទុះចេញពីកម្មកររោងចក្រ។

កាលពីថ្ងៃទី២៣មេសា ខេត្តកណ្ដាលបានសម្រេចឱ្យរោងចក្រចំនួន២បិទជាបណ្ដោះអាសន្ន គឺរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

គិតមកដល់ពេលនេះ រោងចក្រទាំង២មានកម្មករឆ្លងកូវីដ១៩ប្រមាណ៣០០នាក់ហើយ ហើយអាជ្ញាធរកំពុងសង្ស័យមានការផ្ទុះ​រាល​ដាលទៅដល់រោងចក្រចំនួន៦ផ្សេងទៀតនៅក្នុងស្រុកស្នួល ដូចជារោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) រោងចក្រ សាន់ ប៊េស រោងចក្រ ហ្គ្រេន អូរៀនថល រោងចក្រ VANCO រោងចក្រ CAMAPI និងរោងចក្រ ANDER Sen។

ស្រុកអង្គស្នួលមាន១១៦រោងចក្រ និងកម្មករប្រមាណជាង៦ម៉ឺននាក់​៕