ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃអាទិត្យនេះ អនុញ្ញាតឱ្យសេវាព្យាបាលឯកជននិងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំង​អស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩បាន ប៉ុន្តែត្រូវស្នើសុំការអនុញ្ញាតច្បាប់ពីក្រសួង។

លិខិតរបស់ក្រសួងបន្តថា ពេទ្យឯកជនទាំងនោះ ត្រូវសុំច្បាប់អនុញ្ញាតតាមរយៈនាយកដ្ឋានមន្ទីរពេទ្យ ដែលមានលេខទូរស័ព្ទ និង​តេឡេក្រាម ០១២ ៩១២ ១២២ ០១២ ៨៩១ ៥២៧ និង ០១២ ៦៩១ ១១២ និងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។

លក្ខខណ្ឌទាំងនោះរួមមាន មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប មានផ្លូវនិងចំណងរថយន្តសមស្រប មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារវេជ្ជសាស្រ្ដគ្រប់គ្រាន់ មានបន្ទប់ដាក់អ្នកជំងឺដោយសុវត្ថិភាព មានគ្រូពេទ្យនិងបុគ្គលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ មានបន្ទប់ពិសោធន៍វេជ្ជសាស្រ្ដ មានប្រព័ន្ធគ្រប់គ្រងការបង្ការនិងត្រួតពិនិត្យការចម្លងរោគ មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្រ្ដជាដើម។

ទោះជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ថា អ្នកជំងឺដែលទៅទទួលព្យាបាលនៅមន្ទីរពេទ្យឯកជន ត្រូវចំណាយថ្លៃព្យាបាលដោយខ្លួនឯងឬយ៉ាងណាឡើយ ខណៈរដ្ឋាភិបាលបានប្រកាសថា ការព្យាបាលអ្នកជំងឺកូវីដដោយមន្ទីរពេទ្យរដ្ឋ គឺមិនគិតថ្លៃនោះទេ។
សារ​​ព័ត៌មានខ្មែរណាស់មិនអាចសុំការបកស្រាយបន្ថែមតាមប្រព័ន្ធតេឡេក្រាមពីលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខា​ភិ​បាល​ជុំវិញបញ្ហានេះបានទេ។

ការអនុញ្ញាតឱ្យពេទ្យឯកជនទទួលព្យាបាលអ្នកជំងឺកូវីដនេះ ស្របពេលចំនួនឆ្លងប្រចាំថ្ងៃនៅតែបន្តកើនឡើងខ្ពស់ ដែលធ្វើឱ្យ​មន្ទីរ​ពេទ្យរដ្ឋខ្វះគ្រែនិងកន្លែងសម្រាប់ទទួលអ្នកជំងឺបន្ថែម។

រដ្ឋាភិបាលបានយកសាលារៀន សណ្ឋាគារ និងសាលប្រជុំជាដើម រៀបចំធ្វើជាកន្លែងព្យាបាលបណ្ដោះអាសន្ន ខណៈអ្នកជំងឺខ្លះ ត្រូវបានដាក់ឱ្យព្យាបាលនៅផ្ទះ និងខ្លះត្រូវរង់ចាំបញ្ជូនទៅសម្រាកព្យាបាល៕