ការពិនិត្យឡើងវិញរបស់អង្គការសុខភាពពិភពលោក(WHO) លើវ៉ាក់សាំងចំនួនពីរប្រភេទរបស់ប្រទេសចិន គឺវ៉ាក់សាំងស៊ី​ណូ​វ៉ាក់​(Sinovac)និងស៊ីណូហ្វាម(Sinopharm) ដើម្បីផ្តល់សិទ្ធិឱ្យប្រើប្រាស់ជាបន្ទាន់ និងដើម្បីដាក់បញ្ចូលក្នុងកម្មវិធីចែកចាយវ៉ាក់សាំង​សកល​របស់​កម្មវិធីកូវ៉ាក់(Covax) កំពុងដំណើរការដូចបានគ្រោងទុក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The South China Morning post នៅថ្ងៃសុក្រនេះ។

លោកស្រី Kate O’Brien ប្រធានផ្នែកចាក់ថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កិច្ចប្រជុំស្ដីពីវ៉ាក់សាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាករបស់ចិន ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃចន្ទទី២៦ខែមេសានេះ និងទី៣ខែឧសភា។

លោក​ស្រីមានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយ ដែលយើងស្ថិតនៅចំណុចមួយដែលកិច្ចប្រជុំពិនិត្យឡើងវិញទាំងនេះ អាចត្រូវបានកំណត់ពេល ហើយយើងទន្ទឹងរង់ចាំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញជាផ្លូវការ នៃដំណើរការផ្តល់អាជ្ញាបណ្ណបន្ទាន់នេះ។ អង្គ​ការ​សុខភាពពិភពលោកបានទាក់ទងឥតឈប់ឈរជាមួយក្រុមហ៊ុនទាំងពីរ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិនិត្យជាផ្លូវការនេះ»។

ការរៀបចំកាលវិភាគនៃកិច្ចប្រជុំនេះ មានន័យថា អ្នកត្រួតពិនិត្យមានព័ត៌មានចាំបាច់ ហើយអាចបញ្ចប់របាយការណ៍របស់ពួកគេ មុនកាលបរិច្ឆេទនៃកិច្ចប្រជុំ។

កន្លងមកការអនុញ្ញាតិឱ្យប្រើប្រាស់អាជ្ញាបណ្ណបន្ទាន់(EUL) នឹងត្រូវបានផ្តល់ជូនភ្លាមៗ បន្ទាប់ពីការណែនាំរបស់អ្នកត្រួតពិនិត្យនៅ​ឯកិច្ចប្រជុំជាផ្លូវការ។ ការផ្ដល់អាជ្ញាបណ្ណនេះ ក៏ជាការបើកផ្លូវឱ្យវ៉ាក់សាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់របសឮចិន ត្រូវបានគេដាក់បញ្ចូលទៅក្នុងកម្មវិធី​ចែក​ចាយ​វ៉ាក់​សាំងជាសកលកូវ៉ាក់ (Covax) ដែលកំពុងដឹកនាំដោយអង្គការសុខភាពពិភពលោក។

ការយល់ព្រមរបស់អង្គការសុខភាពពិភពលោកខាងមុខនេះ ក៏នឹងបង្កើនទំនុកចិត្តលើវ៉ាក់សាំងចិនទាំងពីរនេះ ដែលកំពុងប្រឈម​នឹងសម្ពាធលើកង្វះតម្លាភាពនិងទិន្នន័យនាពេលកន្លង។ ទោះជាយ៉ាងណា វ៉ាក់សាំងទាំងនេះត្រូវបានចិនចាក់ឱ្យប្រជា​ជន​ខ្លួន​រាប់រយលាននាក់ ហើយមានជាង១០០លានដូស ត្រូវបានចិននាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍ៕