ទីភ្នាក់ងារសុខាភិបាលសហព័ន្ធសហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញ បានផ្តល់អនុសាសន៍ឱ្យផ្អាកការប្រើប្រាស់វ៉ាក់សាំងចាក់តែ​មួយ​ដូស Johnson&Johnson យ៉ាងហោចណាស់ពីរបីថ្ងៃសិន​ បន្ទាប់ពីមានស្ត្រី៦នាក់ដែលមានអាយុក្រោម៥០ឆ្នាំ បានប្រឈមការ​កកឈាមដ៏កម្របន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងនេះ។

Johnson&Johnson ក៏បានប្រកាសថា នឹងពន្យារពេលដំណើរការចាក់វ៉ាក់សាំងទៅអឺរ៉ុបក្នុងរយៈពេលមួយសប្តាហ៍ ស្របពេល​និ​យ​ត​​ករអឺរ៉ុបក៏បាននិយាយថា ពួកគេកំពុងពិនិត្យឡើងវិញនូវការកកឈាមដ៏កម្រក្នុងចំណោមមនុស្ស៤នាក់ ដែលបានចាក់វ៉ាក់សាំង​នេះនៅសហរដ្ឋអាមេរិក។ អាហ្រ្វិកខាងត្បូងក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់J&Jផងដែរ។

ស្នងការស្ដីទីនៃរដ្ឋបាលចំណីអាហារនិងឱសថស្តីទីរបស់អាមេរិកលោកស្រី Janet Woodcock បាននិយាយថា ទីភ្នាក់ងាររំពឹងថាការផ្អាកចាក់វ៉ាក់សាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានគោលបំណងផ្តល់ព័ត៌មានដល់អ្នកផ្តល់សេវាថែទាំសុខភាព អំពីវិធីធ្វើរោគវិនិ​ច្ឆ័យ​និងព្យាបាលការកកឈាម។

ការផ្អាកនេះ បានកើតឡើងបន្ទាប់ពីនិយតករអឺរ៉ុបបាននិយាយកាលពីដើមខែនេះថា ពួកគេបានរកឃើញទំនាក់ទំនងដែលអាច​កើតមានរវាងវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca និងបញ្ហាឈាមកក និងបានបណ្តាលឱ្យមានមនុស្សចំនួនតូចបានស្លាប់។

មន្រ្តីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកលោក Peter Marks បាននិយាយដែរថា វាច្បាស់ណាស់ថាករណីកកឈាមកម្រដោយ​សារ​ការចាក់វ៉ាក់សាំង J&J គឺស្រដៀងនឹងករណីកើតឡើងលើអ្នកចាក់វ៉ាក់សាំង AstraZeneca ដែរ ប៉ុន្តែលោកថា មិនមានរបាយការណ៍អំពីការកកឈាមនេះ ក្នុងចំណោមអ្នកទទួលវ៉ាក់សាំង Moderna ឬ Pfizer-BioNTech ដែលប្រើបច្ចេកវិទ្យាផ្សេងនិងរាប់បញ្ចូលការចាក់វ៉ាក់សាំងភាគច្រើននៅសហរដ្ឋអាមេរិកនោះទេ។

ប៉ុន្តែការចាក់តែមួយដូសរបស់ J&J និងវ៉ាក់សាំងតម្លៃទាបរបស់ AstraZeneca ត្រូវបានគេមើលឃើញថា ជាអាវុធសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលបានឆក់យកអាយុជីវិតមនុស្សជាង៣លាននាក់៕