(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។

បម្រាមគោចរដែលដាក់ចេញដោយសាលារាជធានៅភ្នំពេញ ត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសម្រេចឲ្យផ្អាកសកម្មភាពប្រមូលផ្ដុំ សកម្មភាពប្រកបអាជីវកម្ម និងដំណើរចរាចរណ៍ ក្នុងចន្លោះពេលពីម៉ោង៨យប់ ដល់៥ភ្លឺ ជាបណ្ដោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះឆ្លងក្នុងសហគមន៍លើកទីបីនៅកម្ពុជា ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេលមួយខែជាងកន្លងទៅហើយនេះ។

ការដាក់បម្រាមនេះ បានធ្វើឲ្យអ្នកស្រី ស៊ុ សូនី អ្នកប្រកបរបរលក់មីឆាពេលយប់ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌជ្រោយចង្វារលើកឡើងថា អ្នកស្រីត្រូវប្រឈមបញ្ហាជីវភាព ដោយសារអ្នកស្រីសម្រេចចិត្តផ្អាកមុខរបរលក់មីឆា ដើម្បីចូលរួមអនុវត្តទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

ផ្តល់សម្ភាសន៍តាមទូរសព្ទដល់ Newsroom Cambodia នៅថ្ងៃទី២ មេសា ដោយសំឡេងស្រាល និងមានដកដង្ហើមធំម្ដងៗផង អ្នកស្រី សូនី ដែលមានវ័យ៤៣ឆ្នាំបញ្ជាក់ថា៖«មានមុខរបរតែមួយហ្នឹងទេ អ៊ីចឹង ទោះខ្លាចក៏ដោយ គឺត្រូវទៅលក់ ដោយសារអី ព្រោះយើងគ្មាន ហើយសម្រាប់ខ្ញុំ គឺគ្មានទេលុយសាគួរទុក ដូចថាយើងអាចដេកស៊ីមួយខែពីរដោយមិនបាច់ធ្វើអី វាអត់មាន»។

បម្រាមគោចររបស់សាលារាជធានីដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនមែនធ្វើឲ្យប៉ះពាល់តែអ្នកស្រី សូនី នោះទេ ប៉ុន្តែប្រជាពលរដ្ឋដែលប្រកបមុខរបរពេលយប់ជាច្រើនទៀត ក៏ត្រូវជួបប្រទះបញ្ហាដូចគ្នាផងដែរ។

លោក ជុំ គឹមសាន អ្នករត់កង់បី ឬហៅថា PassApp នៅពេលយប់ រៀបរាប់ប្រាប់ Newsroom Cambodia តាមទូរសព្ទដែរថា ជាធម្មតាលោករត់ ដល់ម៉ោង១០យប់ ប៉ុន្តែលោកថា នៅពេលមានបម្រាមពីអាជ្ញាធរ លោកសម្រេចត្រឡប់ទៅផ្ទះនៅម៉ោង៧កន្លះយប់ ដោយលោកសង្កេតឃើញថា ទីតាំងលោកធ្លាប់រត់ប្រែជាស្ងប់ស្ងាត់គ្មានមនុស្ស។

និយាយដោយមានសំឡេងកូនតូចៗស្រែកលេងក្បែរនោះផង លោក ជុំ គឹមសាន បានឱ្យដឹងថា៖ «បញ្ហាកូវីដ ធ្វើឲ្យខ្ញុំពិបាកសព្វគ្រប់ ត្រូវប្រឈមបញ្ហាជីវភាព ត្រូវមើលកូន ព្រោះពួកគាត់លែងបានទៅរៀន ចំណែកប្រពន្ធខ្ញុំវិញ គាត់ជាអ្នកដាក់កញ្ច្រែងលក់បន្លែនៅផ្សារដើមគ ស្ថានភាពកូវីដចេះតែអាក្រក់ទៅ មនុស្សម្នាខ្លាច មិនអាចចេញដើរ ទីផ្សារស្ងាត់តែម្ដង លក់មិនបានដូចកាលមុនទេ»។

បុរសវ័យ៤៦ឆ្នាំរូបនេះបន្ថែមថា៖ «តាមពិតយើងក៏ខ្លាចកូវីដ តែធ្វើម៉េចបញ្ហាជីវភាពសម្រាប់អ្នកប្រកបរបរតូចតាចដូចពួកយើង គឺលំបាក ប៉ុន្ដែធ្វើម៉េចបើមេរោគហ្នឹងវាកើតឡើងអ៊ីចឹងហើយ ការលំបាកមានទាំងអស់គ្នា ខ្ញុំដូចគេ គេដូចខ្ញុំ លំបាកហួសពីលំបាកហើយ មិនដឹងគួរនិយាយថាម៉េច»។

ចំណែកលោក ស៊ុន ខេង វ័យ៣៧ឆ្នាំ មានកូនតូចៗពីរនាក់ក្នុងបន្ទុកគ្រួសារ ជាអ្នកលក់បាយម្ហូបពេលយប់ជាមួយប្រពន្ធរបស់លោក លើផ្លូវត្រឡោកបែក ខណ្ឌសែនសុខ បានរៀបរាប់ដូចគ្នាផងដែរថា៖ «ក្នុងស្ថានភាពហ្នឹង វាពិបាកទាំងថ្លៃឈ្នួលផ្ទះ ទឹកភ្លើង ទាំងការហូបចុក ព្រោះពួកខ្ញុំធ្លាប់តែរកស៊ីពេលយប់ ដល់គេបិទត្រឹមម៉ោង៨អ៊ីចឹង យើងរកស៊ីលែងកើត ត្រូវដេកផ្ទះតែម្ដង អត់បានលក់ដូរមួយរយៈនេះសិន ហើយក៏ត្រូវបាត់បង់ប្រាក់ចំណូលជាប្រចាំ ដល់អ៊ីចឹងពេលហ្នឹង មានតែបានប៉ុនណា រស់បុណ្ណឹងសិន»។

អ្នកស្រី ស៊ុ សូនី ដែលជាលក់លក់មីឆា បន្ថែមថា ក្នុងជីវភាពជាស្ត្រីមេម៉ាយរស់នៅតែពីរនាក់ម្ដាយកូន ការដាក់បម្រាបគោចរនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងរងដោយសារជំងឺកូវីដ១៩ បន្ថែមទៀត។ ទោះយ៉ាងណាអ្នកស្រីថា អ្នកស្រីនឹងអនុវត្តតាម ប៉ុន្តែស្នើឲ្យរដ្ឋាភិបាលជួយសម្រួលជីវភាពដល់អ្នកស្រីផង។

«សុំសំណូមពរដល់រាជរដ្ឋាភិបាល ឬអាជ្ញាធរ បើសិនជាអាច គិតគូរដល់ពួកខ្ញុំផង ក៏ដូចជាជួយឧបត្ថម្ភជាស្បៀងអាហារ របស់ក្រៀមៗ អង្គរ ត្រីខ អីអស់ហ្នឹង គ្រាន់នឹងផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ និងអាចកាត់បន្ថយការចំណាយអីផ្សេងៗ អំឡុងរយៈពេលពួកខ្ញុំនៅផ្ទះ មិនអាចប្រកបរបរលក់ដូរបានពេលនេះ»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា បម្រាមគោចរបណ្ដោះអាសន្នពេលរាត្រី ដោយមិនឱ្យធ្វើចរាចរណ៍ និងលក់ដូរពេលយប់បានធ្វើឲ្យប៉ះពាល់ដល់អ្នកមុខប្រកបមុខរបរពេលរាត្រី ដូចជាអ្នកលក់មីឆា បាយឆា គុយទាវ បបរស អាហារហូបចុកពេលយប់អីជាដើម។ លោកថា ពួកគាត់អាចបាត់បង់ប្រាក់ចំណូលទាំងស្រុង ព្រមទាំងមុខរបរ នាំឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងមិនអាចមានលទ្ធភាពសងលុយទៅធនាគារជាដើម។

លោកបញ្ជាក់ថា៖«ចំពោះការអនុវត្តនៅយប់ថ្ងៃទី១ ខ្ញុំសង្កេតឃើញអាជ្ញាធរមូលដ្ឋាន រាងអនុវត្តលើសបន្តិច ដោយក្នុងប្រការ២ ដាក់ថា តាមតូបលក់អាហារអីផ្សេងៗអាចលក់បាន តែដល់ចាប់ពីម៉ោង៨ទៅមិនឱ្យមានភ្ញៀវហូបចុកនៅកន្លែងហ្នឹងទេ តែនៅអាចវេចខ្ចប់បាន ប៉ុន្ដែខ្ញុំសង្កេតឃើញការអនុវត្តថ្ងៃទី១ហ្នឹង គឺតម្រូវឱ្យបិទទីតាំងទាំងនោះតែម្តង»។

លោក វន់ ពៅ បន្ថែមថា៖ «សម្រាប់ការធ្វើដំណើរវិញ ដោយក្នុងសេចក្ដីសម្រេចរបស់សាលាក្រុងដាក់ថា អ្នកដែលចាំបាច់ធ្វើដំណើរត្រូវសុំលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬមានសមត្ថកិច្ច ចំណុចហ្នឹងយើងចង់សួរថា ប្រសិនបើមនុស្សធ្លាក់ឈឺភ្លាម កណ្ដាលយប់ ទៅសុំសំបុត្រអនុញ្ញាតពីអាជ្ញាធរទាំងយប់ព្រលប់អីគេឱ្យ ឬអត់? ទាំងនេះជាសំណួរដែលយើងត្រូវសួរ ព្រោះមិនមែនជាការងាយស្រួលប៉ុន្មានទេចំណុចអស់ហ្នឹង។ អ៊ីចឹង ខ្ញុំគិតថា រដ្ឋគួរតែមានផ្លូវជាកណ្ដាលណាមួយ ពេលប្រជាពលរដ្ឋមានការចាំចាច់បន្ទាន់»។

Newsroom Cambodia បានព្យាយាមទាក់ទងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសុំការឆ្លើយតបនឹងករណីនេះ ប៉ុន្តែលោកគ្រាន់តែប្រាប់ឱ្យទាក់ទងទៅលេខ Hotline រួចក៏ចុចផ្ដាច់ប្រព័ន្ធទូរសព្ទ។ យ៉ាងណាក្តីការទំនាក់ទមនងទៅ Hotline មិនមានការឆ្លើយតបសំណួររបស់ Newsroom Cambodia នោះទេ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានសម្រេចដាក់បម្រាមគោចរ ចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ព្រលឹម ដោយផ្អាកការប្រមូលផ្ដុំ ការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង ព្រមទាំងរាល់ការធ្វើចរាចរណ៍ ប៉ុន្តែក៏បានកំណត់ករណីលើកលែង មួយចំនួន ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។ ហើយសម្រាប់បុគ្គល ឬនិតិបុគ្គលទាំងឡាយណា មិនអនុវត្តតាមខ្លឹមសារ នឹងត្រូវទទួលទោស ដូចមានកំណត់ ក្នុងច្បាប់ស្ដីអំពីវិធានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ត្រឡប់មកអ្នកស្រីសូនីវិញ អ្នកស្រីបន្តត្អូញត្អែរថា អ្នកស្រីមិនដឹងថាអាចនឹងរ៉ាប់រងបន្ទុកជាប្រចាំ បានដល់ថ្ងៃកំណត់បម្រាមបាន ឬយ៉ាងទេ ដោយជីវភាពរបស់អ្នកស្រីត្រូវពឹងផ្អែកលើការលក់មីឆាតែមួយមុខ។

«ជីវិតជាអ្នកពឹងលើតែរបរលក់ដូរពេលយប់ដូចខ្ញុំ គឺលំបាក ណាលក់មិនសូវបានដូចមុន ហើយមានបម្រាមចំម៉ោងធ្លាប់លក់អ៊ីចឹងទៀត  ចប់ហើយមិនដឹងរកស៊ីអីបានទៀតទេ។ ថ្លៃម្ហូបហូបចុកប្រចាំថ្ងៃ គឺសំខាន់ណាស់ ពេលអ៊ីចឹងពិបាក មិនដឹងថាអាចទប់ទល់ដល់ថ្ងៃកំណត់បម្រាម ឬអត់ទេ»៕

ដោយ៖ រ៉ាត់ ទី (RATH THY)