នៅថ្ងៃទី ៩មេសានេះ សាលារាជធានីភ្នំពេញ បានកំណត់យកវិទ្យាល័យ ជា ស៊ីម សាមគ្គី ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងធ្វើជាចត្តាឡីស័ក ដែលកំណត់យកអគារចំនួន ៣ មាន ៣៤បន្ទប់ ហើយក្នុងមួយបន្ទប់អាចដាក់មនុស្សបានចំនួន ៧នាក់។

លោក មេត មាសភក្តី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៩មេសានេះថា អាជ្ញាធរមិនទាន់ដឹងថា កន្លែងនេះត្រៀមសម្រាប់ដាក់អ្នកជំងឺប្រភេទណានោះទេ ដោយគ្រាន់តែរៀបចំត្រៀមទុកមុនប៉ុណ្ណោះ។

លោកថា៖« យើងដឹងស្រាប់ហើយថា កូវីដនេះអ្វីក៏យើងត្រូវបន្ទាន់ដែរ ដូច្នេះ!អាណាដែលយើងត្រូវរៀបចំទីតាំងគឺត្រូវរៀបសិន ដោយឡែក លទ្ធភាពក្នុងការដាក់អ្នកណា កម្រិតណា និងបែងចែកពេលណា យើងនឹងកំណត់បន្តៗទៀត មិនអាចកំណត់តួលេខបាននៅឡើយទេ»។

កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សម្តែងនូវការខកចិត្ត ក្រោយពីដឹងថា សាលាក្រុងបានយកមណ្ឌលចត្តាឡីស័កព្រែកព្នៅធ្វើជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយសារលោកចាត់ទុកទីតាំងនោះ ជាកន្លែងមួយមិនសមរម្យសម្រាប់ដាក់អ្នកជំងឺ។ កាលណោះលោកបានបញ្ជាឱ្យរៀបចំសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩វិញ  ដោយផ្ទេរអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញព្រែកព្នៅ មកកាន់សណ្ឋាគារនេះ។

លោក មេត មាសភក្តី បន្ថែមថា លោកមិនអាចបកស្រាយថាការយកវិទ្យាល័យ ជា ស៊ីម សាមគ្គី ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដសមឬមិនសមដូចនឹងការយកមណ្ឌលចត្តាឡីស័កព្រែកព្នៅនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា អាជ្ញាធរកំពុងសម្រុករៀបចំឱ្យបានរួចរាល់សិន ព្រោះចំនួនអ្នកឆ្លងនៅកម្ពុជាកំពុងកើនឡើងជាគំហុក។

ក្រសួងសុខាភិបាលទើបបានប្រកាសថា គ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ១៩នៅតាមមន្ទីរពេទ្យនិងកន្លែងព្យាបាលនានា ត្រូវបានប្រើប្រាស់អស់ ៦០%ដែលជាកម្រិតអាសន្នទី១  និងត្រូវត្រៀមវិធានការទុកដាក់ និងព្យាបាលអ្នកជំងឺនៅតាមផ្ទះ នៅពេលដែលគ្រែមន្ទីរពេទ្យមានអ្នកជំងឺកើនដល់៧០%ទៅ ៨០% ដើម្បីទុកគ្រែ ២០%ទៅ ៣០%សម្រាប់អ្នកជំងឺដែលត្រូវការសង្រ្គោះបន្ទាន់ ឬសង្រ្គោះបន្ទាន់កម្រិតធ្ងន់៕