ក្រុមស្រ្ដីរកស៊ីផ្លូវភេទនៅទីក្រុង Belo Horizonte ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានធ្វើកូដកម្មអស់រយៈពេលមួយសប្តាហ៍មកហើយ ដើម្បីទាមទារឱ្យដាក់បញ្ចូលពួកគេទៅក្នុងចំណោមអ្នកជួរមុខ ដែលត្រូវទទួលបានការវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA។

ពួកគេនិយាយថា មានអ្នករកស៊ីផ្លូវភេទរាប់ពាន់នាក់នៅក្នុងទីក្រុងនេះ ហើយជំងឺរាតត្បាតបានបង្ខំឱ្យបិទទ្វារសណ្ឋាគារ ដែលពួកគេបានជួលបន្ទប់ដើម្បីលក់សេវាកម្ម។

ប្រធានសមាគមស្ត្រីរកស៊ីផ្លូវភេទនៅរដ្ឋ Minas Gerais បានប្រាប់ AFP ថា ក្រុមស្រ្ដីរកស៊ីផ្លូវភេទគឺស្ថិតក្នុងជួរមុខក្នុងការជួយដល់ចលនាសេដ្ឋកិច្ច ប៉ុន្តែពួកគេកំពុងប្រឈមនឹងហានិភ័យ។ កាលពីថ្ងៃចន្ទ ក្រុមអ្នករកស៊ីផ្លូវភេទបានចេញតវ៉ានៅតាមចិញ្ចើមផ្លូវមួយដែលមានសណ្ឋាគារបិទទ្វារ ដោយពួកគេបានលើកបដាប្រកាសថា«អ្នករកស៊ីផ្លូវភេទជាជំនាញ ការងារផ្លូវភេទនិងសុខភាព​»។

រដ្ឋាភិបាលប្រេស៊ីលបានផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន ជនចាស់ជរា ជនជាតិដើមភាគតិច និងប្រជាជនដែលមានលក្ខខន្ធសុខភាពសម្រាប់ចាក់វ៉ាក់សាំងដំបូងគេ។ ប្រទេសនេះសង្ឃឹមថា នឹងចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពទាំងនេះប្រហែល៧៧លាននាក់នៅឆមាសទីមួយនៃឆ្នាំ ២០២១ ប៉ុន្តែអ្នកជំនាញនិយាយថា វាអាចនឹងឈានដល់ខែកញ្ញាដោយសារកង្វះខាតវ៉ាក់សាំង។

ជំងឺកូវីដបានសម្លាប់មនុស្សជាង ៣៣២ ០០០ នាក់ហើយនៅក្នុងប្រទេសប្រេស៊ីល ខណៈចំនួនឆ្លងសរុបប្រទេសបានជាប់លំដាប់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក៕