កម្មកររោងជាង៥០នាក់នៅរោងចក្រផលិតខ្សែភ្លើងមួយកន្លែង នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងរាជធានីភ្នំពេញត្រូវធ្វើតេស្ដ បន្ទាប់ពីរោងចក្រនេះ មានកម្មករជាមានផ្ទៃពោះ៩ខែម្នាក់ បានឆ្លងជំងឺកូវីដ១៩នៅថ្ងៃទី៥មេសាម្សិលមិញ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃនេះថា ថ្វីត្បិតមានការរកឃើញករណីឆ្លងលើកម្មករក្ដី ប៉ុន្តែរោងចក្រមិនត្រូវបានផ្អាកដំណើរឡើយ គឺគ្រាន់តែអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្ដនិងធ្វើចត្តាឡីស័កប៉ុណ្ណោះ។

លោកថា៖«អ្នកពាក់ព័ន្ធជាង៥០នាក់នោះគឺឱ្យនៅដាច់ដោយឡែកទេ អត់មានបញ្ហាអីទេ ចំណែករោងចក្រក៏អត់មានការបិទអ្វីដែរ»។

ចំណែកលោក ហាក់ សេរី មន្រ្តីផ្នែកព័ត៌មាននៅតំបន់សេដ្ឋកិច្ចពិសេសកំបូលបានប្រាប់ដែរថា នៅក្នុងតំបន់ទាំងមូលគឺមិនមានការបិទនោះទេ នៅតែដំណើរការការងារជាធម្មតា ហើយក៏មិនទាន់មានសេចក្តីប្រកាសពីក្រសួងសុខាភិបាលឱ្យបិទនោះដែរ។

លោកថា៖«ខាងយើងអត់មានការបិទនៅឡើយទេ ព្រោះមិនទាន់មានសេចក្តីប្រកាសពីក្រសួង ហើយអ្នកដែលពាក់ព័ន្ធទាំងប៉ុន្មាននោះ គឺពួកគាត់មិនបានមកធ្វើការ គេអនុញ្ញាតឱ្យពួកគាត់សម្រាកហើយដែរ ។ ហើយចំពោះរោងចក្រទាំងមូលគឺមានបុគ្គលិកជិត ៤ពាន់អ្នកដែលកំពុងបម្រើការនៅទីនោះ»។

កាលពីថ្ងៃទី៥មេសាម្សិលមិញ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងពីការរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣នាក់នៅក្នុងខេត្តរបស់ខ្លួន ក្នុងនោះគឺមានស្រ្ដីមានផ្ទៃ៩ខែម្នាក់ និងស្រ្ដីមានផ្ទៃពោះ៦ខែ។

រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៨២៤នាក់ ក្នុងនោះមានអ្នកឆ្លងពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ២២៩៣នាក់ និងមានករណីស្លាប់ចំនួន ២២ករណី៕