នៅថ្ងៃអង្គារ៌នេះ ប្រទេសរុស្ស៊ីបានប្រកាសប្រឆាំងចំពោះការដាក់ទណ្ឌកម្មទៅលើរបបយោធានៅភូមា និងថែមទាំងព្រមាន​ថា វិធានការដាក់ទណ្ឌកម្មនេះ នឹងអាចបង្កឱ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំផ្ទុះឡើងនៅភូមា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា ការដាក់សម្ពាធរួមទាំងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងរបបយោធានៅភូមានាពេលបច្ចុប្បន្ននេះ គឺគ្មានអនាគតឡើយ និងកាន់តែធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងទៅវិញ ដែលនឹងជំរុញប្រជាជនភូមាឆ្ពោះទៅរកជម្លោះសង្គ្រាមស៊ីវិល។

ចាប់តាំងពីបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅថ្ងៃទី១កុម្ភៈ មកដលពេលនេះ របបយោធាភូមាបានប្រើប្រាស់កម្លាំងបាញ់សម្លាប់បាតុករអស់ជាង៥៥០នាក់ហើយ នៅក្នុងការបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។

មហាអំណាចអន្តរជាតិមានដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបបានព្យាយាមដាក់សម្ពាធតាមរយៈការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យរបបយោធាភូមាប្រគល់អំណាចទៅរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី វិញ រួមទាំងត្រូវដោះលែងអ្នកនយោបាយទាំងអស់។

ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសញ្ញាណាមួយ ដែលថាការដាក់ទណ្ឌកម្មទាំងនោះបានធ្វើឱ្យក្រុមយោធាងាកបកក្រោយឡើយ ផ្ទុយទៅវិញ មានតែបង្កើនការបង្ក្រាបទៅលើក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងៗ។ កម្លាំងរបបយោធា ក្រៅពីបាញ់សម្លាប់បាតុករតាមដងផ្លូវ គឺមានទាំងឆ្មក់ចូលតាមផ្ទះពលរដ្ឋ និងថែមទាំងបានបាញ់សម្លាប់កុមារអស់ជាច្រើននាក់​ដល់ផ្ទះទៀតផង។ ក្រៅពីនេះ ក្រុមយោធា តែងដើរចេញអុកឡុកនៅពេលយប់ឡើង ដើម្បីបាញ់សំដៅតាមផ្ទះមួយចំនួន គំរាមក្រុមអ្នកតវ៉ា។

ថ្វីត្បិត សហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការសហប្រជាជាតិកំពុងមើលឃើញពីភាពកាន់តែឃោឃៅរបស់ក្រុមយោធាដែលបានសម្លាប់​ពលរដ្ឋស៊ីវិលក្ដី ប៉ុន្តែសម្រាប់ប្រទេសរុស្ស៊ី មិនត្រឹមតែមិនដាក់ទណ្ឌកម្មនោះទេ គឺបានព្យាយាមបង្កើតចំណងទាក់ទងជាមួយរបបយោធាភូមាទៅវិញ។

កាលពីខែមីនានេះ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បានបំពេញទស្សនកិច្ចនៅភូមា និងបានជួបពិភាក្សាជាមួយមេរដ្ឋប្រហារភូមាលោក មីន អុងឡាំង យ៉ាងស្និទ្ធស្នាលបំផុត។ ការបំពេញទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ីនេះ គឺដើម្បីចូលរួមក្នុងពិធីហែរក្បួនកងទ័ពប្រចាំឆ្នាំរបស់ភូមា ក្នុងបំណងបង្ហាញពីសមត្ថភាពយោធារបស់ខ្លួន។

នៅថ្ងៃហែរក្បួនកងទ័ពប្រចាំឆ្នាំនោះ គឺកម្លាំងប្រដាប់អាវុធភូមា ក៏បានបើកការបង្ក្រាប់បាញ់សម្លាប់បាតុករអស់ជាងមួយរយនាក់។ នៅក្នុងហែរក្បួននេះ ប្រទេសរុស្ស៊ីក៏បានបង្ហាញឧបករណ៍យោធារបស់ខ្លួនមួយចំនួនដែរ រួមមានរថក្រោះ T-72 យន្ដ​ហោះ​ចម្បាំង MiG-29 និងឧទ្ធម្ភាគចក្រ Mi-24៕