នៅព្រឹកថ្ងៃទី៦មេសានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងថ្មីចំនួន៧២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងសរុប​កើនឡើងចំនួន២៨២៤នាក់ និងអ្នកជាសះស្បើយថ្មី៤៧នាក់ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើង១៧៩៤នាក់ និងអ្នក​ស្លាប់កើនដល់២២នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីនេះ គឺ១ករណីនាំចូលពីប្រទេសឥណ្ឌា ហើយ៧១ករណីទៀតពាក់ព័ន្ធនឹងសហគមន៍ ខណៈរាជធានីភ្នំពេញបានរកឃើញអ្នកឆ្លងច្រើនជាងគេដែលមានចំនួន៣៣នាក់ បន្ទាប់មកខេត្តព្រះសីហនុមានចំនួន៣៣នាក់ កណ្ដាលមាន៨នាក់ ស្វាយរៀងមាន៣នាក់ ពោធិ៍សាត់មាន៣នាក់ កំពតម្នាក់ និងខេត្តព្រៃវែង។តួលេខឆ្លងប្រចាំថ្ងៃថ្មីនេះ គឺបានកើនឡើងច្រើនជាងថ្ងៃម្សិលមិញ ដែលមានអ្នកឆ្លងត្រឹម៦៣នាក់។

នៅក្នុងសារសំឡេងមួយចេញផ្សាយនៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរត្រៀមរៀបចំឱ្យហើយដើម្បីទុកអ្នកជំងឺកូវីដស្រាលព្យាបាលនៅតាមផ្ទះ ដោយសារលោកថា ប្រសិនបើករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ជាងអ្នកជាសះស្បើយ នឹងធ្វើឱ្យមន្ទីរពេទ្យទាំងអស់ត្រូវពេញហៀរមិនអាចទទួលយកអ្នកជំងឺបន្ថែមទៀតឡើយ។

បច្ចុប្បន្ន កម្ពុជាមានមន្ទីរពេទ្យ សណ្ឋាគារ និងកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩សរុបចំនួន២៤កន្លែង​ និងកំពុងព្យាបាលអ្នកជំងឺចំនួន៩៧៩នាក់៕