នៅថ្ងៃចន្ទនេះ ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ប្រទេសខ្លួនមានករណីឆ្លងថ្មីចំនួន ១០៣ ៥៥៨ នាក់ ដែលជាតួ​លេខ​ឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់ ខណៈតួលេខឆ្លងសរុបបានកើនដល់ ១២លាន៦សែននាក់ ដែលជាចំនួនខ្ពស់បំផុតបន្ទាប់​ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុត បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសទាំងអស់នៅទូទាំងពិភពលោក។

ការឆ្លងកូវីដប្រចាំថ្ងៃរបស់ប្រទេសនេះ បានកើនឡើងប្រហែល១២ដង បន្ទាប់ពីករណីឆ្លងបានធ្លាក់ចុះអស់ជាច្រើនខែរហូតមក​ដល់ដើមខែកុម្ភៈឆ្នាំ២០២១នេះ។ អំឡុងពេលករណីឆ្លងធ្លាក់ចុះ អាជ្ញាធរឥណ្ឌាបានបន្ធូរបន្ថយការរឹតត្បិតភាគច្រើន ហើយប្រជា​ជនភាគច្រើន ក៏បានឈប់ពាក់ម៉ាស់និងការរក្សាគន្លាតសុវត្ថិភាពសង្គម។

អ្នកឯកទេសខាងរោគរាតត្បាតខ្លះនិយាយថា វីរុសបំប្លែងថ្មី ដែលឆ្លងលឿន អាចនឹងដើរតួក្នុងការកើនឡើងករណីឆ្លងជាលើកទីពីរនៅពេលនេះ។

ចំនួនអ្នកស្លាប់របស់ឥណ្ឌាកាលពីថ្ងៃអាទិត្យម្សិលមិញ មានចំនួន៤៧៨នាក់ដែលជាអត្រាមួយក្នុងចំណោមអត្រាស្លាប់ទាបបំផុតនៅលើពិភពលោក ថ្វីត្បិតចំនួនស្លាប់ឥណ្ឌាសរុបបានកើនឡើងដល់ ១៦៥ ១០១ នាក់ក្ដី។

រដ្ឋ​ Maharashtra ដែលរងគ្រោះខ្លាំងជាងគេនៅឥណ្ឌា នឹងចាប់ផ្តើមបិទផ្សារទំនើប រោងកុន បារ ភោជនីយដ្ឋាន និងកន្លែងគោរពបូជាចាប់ពីល្ងាចថ្ងៃច័ន្ទនេះ។ អាជ្ញាធរក៏នឹងដាក់ចេញការបិទរដ្ឋទាំងស្រុងនៅចុងសប្តាហ៍ផងដែរ ដោយសារក្រុមអ្នកជំនាញមានការព្រួយបារម្ភអំពីកង្វះខាតគ្រែក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលកំពុងតែកើនឡើង។

កន្លងមក ករណីឆ្លងប្រចាំថ្ងៃរបស់ឥណ្ឌាដែលមានខ្ពស់បំផុតចំនួន ៩៧ ៨៩៤ នាក់ គឺត្រូវបានរាយការណ៍នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២០ ប៉ុន្តែបន្ទាប់មក ការឆ្លងបានធ្លាក់ចុះយ៉ាងគំហុក។ មកដល់ចុងខែកុម្ភៈឆ្នាំ២០២១ ករណីឆ្លងប្រចាំថ្ងៃរបស់ឥណ្ឌា បាន​កើន​ឡើងវិញ ដោយសារអំឡុងពេលករណីឆ្លាក់ចុះ ឥណ្ឌាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងវីរុសបំប្លែងថ្មីក៏បានចាប់ផ្ដើមរីករាលដាល៕