យ៉ាងហោចណាស់មនុស្សចំនួន៥០នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗនិងការបាក់ដី បានវាយប្រហារប្រទេសឥណ្ឌូនេស៊ីនិងទីម័រខាងកើតកាលពីថ្ងៃអាទិត្យម្សិលមិញ។

ភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញ ដោយទឹកជំនន់ដ៏លើសលប់ហូរពីទំនប់វារីអគ្គិសនី បានធ្វើឱ្យជន់លិចផ្ទះរាប់ពាន់ខ្នងនៅតាមកោះ។ តំបន់ដែលរងផលប៉ះពាល់ គឺចាប់ពីកោះ Flores នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីរហូតដល់ប្រទេសជិតខាង​ទីម័រខាងកើត។

ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកអ្នកនៅរស់ ហើយក្រុមមន្រ្តីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត​។ អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីលោក Raditya Jati បានប្រាប់អ្នកសារព័ត៌មានថា អនុតំបន់ចំនួន​៤និងភូមិចំនួន៧ត្រូវបានរងផលប៉ះពាល់។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ទិន្នន័យ គឺអាជ្ញាធរបានរកឃើញថាមានមនុស្សស្លាប់ចំនួន៤១នាក់ ហើយមនុស្ស​២៧​នាក់កំពុងបាត់ខ្លួន និងមនុស្ស៩នាក់បានរងរបួស។

ទោះយ៉ាងណាលោក មន្រ្តីនៅកោះ Flores បានប៉ាន់ប្រមាណថា មានមនុស្ស៦០នាក់បានស្លាប់ ហើយចំនួននេះមិនត្រូវបានបញ្ជាក់ដោយអាជ្ញាធរជាតិឥណ្ឌូនេស៊ីទេ។

ចំណែកមន្រ្តីប្រទេសទីម័រខាងកើតបាននិយាយថា មនុស្ស១១នាក់បានស្លាប់ដោយទឹកជំនន់នៅក្នុងរដ្ឋធានីឌីលី។ លោក Joaquim Jose Gusmao dos Reis Martins រដ្ឋលេខាធិការការពារស៊ីវិលសម្រាប់ទីម័របានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរកំពុងស្វែងរកមនុស្សបន្ថែមទៀត នៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ៕