មកដល់ពេលនេះ ក្រសួងសុខាភិបាលមិនទាន់បានកំណត់អំពីភូមិសាស្រ្ដ ដែលត្រូវផាកពិនិយចំពោះអ្នកជួបជុំគ្នាលើសពី២នាក់មិនពាក់ម៉ាស់តាម​ទីសាធារណៈនៅឡើយទេ ថ្វីត្បិតរដ្ឋមន្រ្តីក្រសួងសុខាភិបាលទើបបានប្រកាសកំណត់អំពីបុគ្គលដែលត្រូវជាប់កាតព្វកិច្ចត្រូវពាក់ម៉ាស់និងរក្សាគន្លាត។

លោក គឹម សន្តិភាព មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃទី២៣មីនានេះថា កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដូចមានចែងក្នុងជំពូកទី២ និងជំពូកទី៣ នៃប្រកាសថ្មីរបស់ក្រសួងសុខាភិបាល គឺត្រូវអនុ​វត្ត​ក្នុងភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលត្រូវកំណត់តាមការជូនដំណឹងរបស់ក្រសួងសុខា​ភិ​បាល។

លោកថា៖«ហេតុនេះសូមរង់ចាំការជូនដំណឹងរបស់ក្រសួងសុខាភិបាល អំពីភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ទើបកំណត់បានអំពីតំបន់ណាខ្លះដែលត្រូវឱ្យអនុវត្តជាកាតព្វ​កិច្ច​ចំពោះការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិ​ភាព»។

ការលើកឡើងរបស់មន្រ្តីក្រសួងយុត្តិធម៌នេះ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព កាលពីថ្ងៃ​ទី២២មីនាម្សិលមិញ។

សេចក្ដីប្រកាសនោះបញ្ជាក់ថា អ្នកដែលមានកាតព្វកិច្ចពាក់ម៉ាស់ រួមមានអ្នកវិជ្ជមានកូវីដ១៩ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាលឬមន្ត្រីសមត្ថកិច្ចផ្សេ អ្នកធ្វើចត្តាឡីស័កប៉ុន្តែលើកលែងការធ្វើចត្តាឡីដាច់តែឯង អ្នកបើកបររថយន្តឈ្នួល ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណៈ។

អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមានបុគ្គលិកជួរមុខនៅតាមសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា មន្ត្រីនិងបុគ្គលសុខាភិបាលអ្នកផ្តល់សេវាព្យាបាលដោយចលនា អ្នកដែលម្រើការនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន បុគ្គលិកតាមផ្ទះសំណាក់ឬសណ្ឋាគារ អ្នកផ្តល់សេវាម៉ាស្សា កោសជប់ ឬអ្នកផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអថិតិជន និងអ្នកផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំចាប់ពី ២នាក់ឡើងទៅ។

ចំពោះទីកន្លែងតម្រូវឱ្យរក្សាគម្លាតចាប់ពី១ម៉ែត្រកន្លះ ដូចជាទីតាំងអាជីវកម្មនិងទីសាធារណៈដែលមានមនុស្សច្រើន។ ដែលរំលោភលើកាតព្វកិច្ចមិនពាក់ម៉ាស់និងរក្សាគន្លាតនេះ នឹងត្រូវពិន័យចាប់ពី២សែនទៅដល់១លានរៀល៕