រដ្ឋបាលខេត្តសៀមរាបបានប្រកាសបិទចរាចរចេញចូលសង្កាត់គោកចក ក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២០មីនានេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងកូវីដពីសហគមន៍ម្នាក់ទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ខេត្តចេញផ្សាយនៅថ្ងៃនេះ។

សេចក្ដីប្រកាសបន្តថា ខេត្តសៀមរាប បានរកឃើញករណីវិជ្ជមានកូវីដ១៩ពីសហគមន៍២០កុម្ភៈកើនដល់ចំនួន២នាក់ បន្ទាប់ពីបុរសម្នាក់ឈ្មោះ ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិគោកត្នោត សង្កាត់គោកចក ត្រូវធ្វើតេស្ដវិជ្ជមាននៅថ្ងៃទី២០មីនានេះ  បន្ទាប់ពីបុរសដែលប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើដំណើរចូលមកកាន់ខេត្តសៀមរាបកាលពីថ្ងៃទី៧មីនា។

រដ្ឋបាលខេត្តបញ្ជាក់ថា ពលរដ្ឋណាដែលបានធ្វើដំណើរទៅពេទ្យឈ្មោះ ចាវ ចាន់ នៅផ្សារភូមិភាគ៤ នៅថ្ងៃទី១៣មីនា ទៅពេទ្យឈ្មោះ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់នៅថ្ងៃ១៥មីនា និងទៅពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប នៅថ្ងៃទី១៧មីនា និងទៅគ្លីនិកសុខភាពនៅយប់ថ្ងៃទី១៩មីនា ត្រូវរួសរាន់យកសំណាកធ្វើតេស្ដ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានប្រកាសបិទសាលារៀន២សប្ដាហ៍នៅទូទាំងក្រុងសៀមរាបដែរ៕