លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា កន្លងមក ក្រសួងបានសង្កេតឃើញថា ការចេញរបាយការណ៍ ឬសេចក្តីថ្លែងការណ៍នា​នារបស់អង្គការពាក់ព័ន្ធ តំណាងសហគមន៍ព្រៃឡង់ ឬក្រុមអ្នកស្រាវជ្រាវមួយចំនួនគឺបង្ហាញ​តែចំណុចអវិជ្ជមាន និងមិនបានបង្ហាញទៅលើស្ថានភាពរួម ឬការវាយតម្លៃជារួមនោះទេ ដោយលើកតែចំណុចអវិជ្ជមានមកនិយាយឬផ្សព្វផ្សាយ។

លោកបន្តថា ការលើកឡើងទាំងនេះ គឺគ្រាន់តែជាយុទ្ធនាការដែលរៀបចំឡើងក្នុងចេត​នា​មិនល្អ ដើម្បីធ្វើការប្រឆាំងរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្ម​ជាតិ​តែប៉ុណ្ណោះ។ ការលើកឡើងពីមន្រ្តីក្រសួងបរិស្ថាននេះ គឺស្របពេលសហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាជាពិសេសនៅក្នុងតំបន់ព្រៃឡង់។

ប៉ុន្តែលោក នេត្រ ភក្រ្តា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានតាំងចិត្តខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកំពុងកើតឡើងក្នុងតំបន់ការពារធម្មជាតិនានា។ លោកថា៖«តាមរយៈការធ្វើកំណែទម្រង់ទៅលើកិច្ចការការពារនិងអភិរក្សនៅតំបន់ព្រៃឡង់ យើងបានបង្កើនសមត្ថភាពមន្ត្រី ការបំពាក់​ឧប​ករណ៍ចាំបាច់នានាក្នុងការចុះល្បាត ការបង្កើតនូវបទដ្ឋានគតិយុទ្ធដើម្បីបង្កើនអតិភាពក្នុងការអនុវត្តច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ផ្សេងៗប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព»។

លោកស្នើឱ្យឈប់មានការយល់ច្រលំនិងផ្សាយបែបបំភាន់ថា កម្ពុជានៅសល់តែព្រៃឡង់មួយគត់ដែលមានទំហំធំត្រូវអភិរក្ស ប៉ុន្តែតាមពិត កម្ពុជានៅមានព្រៃដែលត្រូវអភិរក្សដែលមានទំហំធំជាច្រើនទៀត ដែលរហូតមកដល់ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធម្មជាតិរហូតទៅដល់ ៧០កន្លែង និងមានទំហំ ៧លាន ៣សែនហិកតា ដែលស្មើរនឹង ៤១​%​នៃផ្ទៃដីប្រទេសកម្ពុជាដែលត្រូវការពារ និងអភិរក្ស។

ការពីថ្ងៃទី៨មីនា ស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបង្ហាញ​កង្វល់យ៉ាងខ្លាំង ចំពោះការបំផ្លាញព្រៃឈើដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការគ្នាឡើងវិញរវាង សហគមន៍ សង្គមស៊ីវិល ជាមួយរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែបនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។

ស្ថានទូតបន្តថា៖«ការបាត់បង់ព្រៃឈើ​នៅព្រៃឡង់ និង​នៅទូទាំងប្រទេស មានការទាក់​ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់​នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ​ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់»។

ស្ថានទូតសហរដ្ឋអាមេរិកបានបន្តថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន និងប្រធាននៃទីភ្នាក់ងារផ្តល់​ជំនួយUSAID បានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរិតត្បិតមិនឲ្យប្រជាជនចូល​ក្នុងតំបន់​ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ លើសពីនេះ ទីភ្នាក់​ងារ ​USAID បានផ្តល់ដល់ក្រសួងបរិស្ថាន​នូវព័ត៌មាន ជាច្រើនលើក ទាក់ទងនឹងសកម្ម​ភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អ​នៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត៕