រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសថា បុរសពលករម្នាក់អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ បានស្លាប់ នៅថ្ងៃទី១ ខែមីនាម្សិលមិញ។

ក្នុងសេចក្តីប្រកាសនៅថ្ងៃនេះ ខេត្តបានបញ្ជាក់ថា ពលករនេះបានចូលមកកម្ពុជាវិញ តាម​ច្រកសង្កែ ស្រុកម៉ាឡៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ហើយត្រូវបញ្ចូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដោយសារមានអាការពិបាកដកដង្ហើមដូចជាហត់និងដង្ហាក់ខ្លាំង ខ្សោយខ្លាំង និងមិនអាចដើររួច ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយផ្តល់អុកស៊ីសែនជំនួយផ្លូវដង្ហើម។ ដោយស្ថានភាពអ្នកជំងឺមិនបានធូរស្បើយ ទើបបញ្ចូនមកសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបុរី នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល។

តាមការពិនិត្យ និងសួរប្រវត្តិអ្នកជំងឺរបស់គ្រូពេទ្យនៅមន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរី បានបញ្ជាក់ថា អ្នកជំងឺមានប្រវត្តិជក់បារី ពិសាស្រា និងធ្លាប់កើតជំងឺរលាកសួត ដែលទទួលការព្យាបាលមិនត្រឹមត្រូវ ព្រោះអ្នកជំងឺគ្មានលទ្ធភាពក្នុងការព្យាបាល ហើយនៅ​ពេលមានបញ្ហាធ្ងន់ធ្ងរ ទើបក្រុមគ្រួសារសម្រេចចិត្តឲ្យត្រឡប់មកស្រុកកំណើតវិញ។

អ្នកជំងឺមានអាការ និងរោគសញ្ញា ហត់ខ្លាំងដង្ហាក់ខ្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន ឡេះឡះ និងមានទឹកនោមតិច។ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះព្យាបាល  និងតាម​ដានអ្នកជំងឺដោយយកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេស។ លទ្ធផលនៃការវិភាគបានបង្ហាញថា គ្រាប់ឈាមក្រហមកំហាប់ឈាម និងមុខងារតម្រង់នោមថយចុះខ្លាំង ហើយស្ថានភាពអ្នកជំងឺមិនបានធូរស្បើយ និងការវិវត្តន៍កាន់តែធ្ងន់ធ្ងរជាលំដាប់ ទោះក្រុមគ្រូពេទ្យប្រឹងប្រែងព្យាបាល និងសង្គ្រោះអស់ពីលទ្ធភាព រហូតដល់ថ្ងៃទី១ ខែមីនា អ្នកជំងឺបានស្លាប់ដោយសារជំងឺហើមសួត និងខ្សោយតម្រង់នោមដំណាក់កាលចុងក្រោយ។

រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរ ករណីអ្នកជំងឺខាងលើមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ៕