នៅថ្ងៃទី២ ខែមីនានេះ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា កាលពីសប្តាហ៍កន្លងទៅ មានមេអណ្តើកហ្លូងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឃមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន៧១ពង។

យោងតាមរូបភាពដែលទទួលបានពីម៉ាស៊ីតថតស្វយប្រវត្តិបានបញ្ជាក់ថា ពងអណ្តើក​ហ្លូង​ទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លូង ៥ ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំក្នុងមជ្ឍមណ្ឌលនោះជាង១០ ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុម​ការងារយកពីខ្សាច់ក្នុងប្រព័ន្ធព្រែកអំបិលក្រោយញាស់ភ្លាម និងមួយក្បាលទៀតត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកប្រគល់ឱ្យកាលពីឆ្នាំ២០១៧។

លោក ស្រី សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានថ្លៃងថា៖«នេះជាលើកទីមួយហើយ ដែលអណ្តើក​ហ្លូងចិញ្ចឹមនៅក្នុងមជ្ឃមណ្ឌលនេះបានពង ក្រោយពេលដែលមេអណ្តើកហ្លូងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវ​សាង​សង់សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាក់ក្នុងសភាពដើម»។

លោក សី្ទវឹន ផ្លាត(Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វ និងថលជលិក នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖«នេះជារឿងដ៏រំភើប និងដ៏សំខាន់មួយដែលមិនគួរឲ្យជឿថាប្រភេទអណ្តើកដ៏កម្របែបនេះអាច​ពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លូងដែលយើងយកមកចឹញ្ចឹមគឺជាគោល​ដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លូងដែលជិតផុតពូជនេះឡើងវិញនៅកម្ពុជា។ យើងរំពឹងថាគម្រោងនេះនឹងអាចជម្រុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឃមណ្ឌលនេះ នឹងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា«យើងមានមោទនភាពណាស់ដែលទទួលបានលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត នឹងគាំទ្រពេញទំហឹង នឹងបន្តកិច្ចការស្រាវជ្រាវនេះទៀត ដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លូងដែលជាប្រភេទជិតផុតពូជនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។

បច្ចុប្បន្ន មជ្ឃមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកចំនួន ១៩២ក្បាល។ អណ្តើកជំទង់ ៩៦ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងេពីឆ្នឈ២០១៥​មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀតនៅចុងឆ្នាំ២០២១ ខាងមុខនេះ។ អណ្តើកស្ទើរជំទង់ និងជំទង់នៅក្នុងមជ្ឃមណ្ឌលនេះ ត្រូវបានចឹញ្ចឹមថែទាំក្នុងស្រះបង្កកំណើតចំនួន ៤ ចំណែកឯអណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមក្នុងអាងធំធ្វើពីប្លាសី្ទក មុននឹងផ្ទេរចូលទៅក្នងស្រះបង្កកំណើត៕