ការវិភាគនៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា ការចាក់តែមួយដូសនៃវ៉ាក់សាំង Oxford​-AstraZeneca និងវ៉ាក់សាំង Pfizer-BioNTech  គឺជួយកាត់បន្ថយឱកាសនៃការព្យាបាលនៅមន្ទីរពេទ្យជាង៨០%។ ទិន្នន័យសុខភាពសាធារណៈអង់គ្លេសបានបង្ហាញ​ពីផលប្រយោជន៍នេះ ក្រោយពីការចាក់វ៉ាក់សាំងបាន៣ទៅ៤សប្ដាហ៍។

ទិន្នន័យនេះគឺផ្អែកលើការវិភាគលើមនុស្សចាស់ដែលមានអាយុលើសពី80ឆ្នាំ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូសទីមួយ។ ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសបានសាទរចំពោះលទ្ធផលនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការការពារដ៏ល្អបំផុត គឺត្រូវ​តែចាក់វ៉ាក់សាំងដូសទីពីរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានលើកឡើងកាលពីថ្ងៃចន្ទថា លទ្ធផលវិភាគលើវ៉ាក់សាំងចុងក្រោយនេះ គឺមានសារសំខាន់ខ្លាំងណាស់។ លោកបន្តថា ការវិភាគនេះអាចពន្យល់បន្ថែម ដោយចំនួនអ្នកឆ្លងកូវីដក្នុងចំណោមអាយុ​៨០​ឆ្នាំដែលត្រូវបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់សង្គ្រោះនៅអង់គ្លេស បានធ្លាក់ចុះក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ៕