ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធា​នីភ្នំ​ពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង​ដោយឈរលើ​គោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចជា ១. មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣. មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ៤. មន្ទីរពេទ្យបង្អែកដង្កោ ៥. មន្ទីរ​ពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ៦.មន្ទីរពេទ្យបង្អែកចតុមុខ ៧. មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ៨. មន្ទីរពេទ្យបង្អែក​ពោធិចិនតុង។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បញ្ជាក់នៅថ្ងៃទី ២៨ កុម្ភៈនេះ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអ​នុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករ​ប្រមូលសំរាមនៅរាជធា​នីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ។

ជាមួយគ្នានេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្ត ដែលក្រសួង​បានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ បន្តការងារចាក់វ៉ាក់សាំង​ជូនប្រជា​ជនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការ)។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ទៅ ២៨ថ្ងៃ (មិនឱ្យលើសពី ២៨ថ្ងៃ) បន្ទាប់ពីថ្ងៃចាក់លើកទី១ នៅទីតាំងដែលសាមីជនបានចាក់លើកទី១។

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ កម្ពុជា ចាក់វ៉ាក់សាំងជូនកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល សរុបបានប្រមាណជាង ៦ម៉ឺននាក់។ កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ របាយការណ៍បានបង្ហាញថា អ្នកបន្តចាក់ដូសទី២ បានចំនួនជាង ៥០០នាក់៕