លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបដិសេធចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកថា មានអ្នកជំងឺជនជាតិចិនម្នាក់បានរត់គេចពីកន្លែងព្យាបាល ដោយលោកស្រីបញ្ជាក់ថា តាមការចុះពិនិត្យរបស់មន្រ្តី គឺ​ជា​ជន​ជាតិចិនពុំបានរត់ទៅណាឡើយ និងកំពុងស្ថិតក្នុងព្យាបាលនៅមន្ទីរចត្តាឡីស័កព្រែកព្នៅ។

លោកស្រីបានសរសេរបដិសេធបែបនេះនៅក្នុងប្រពន្ធតេឡេក្រាមថា៖«ខ្ញុំសូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតនេះ ព្រោះអ្នកជំងឺកំពុងតែស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កព្យាបាលជំងឺនៅឡើយទេ ដោយមិនបានរត់ចេញពីមណ្ឌលដូចការលើកឡើងនេះដែរ»។

ប្រតិកម្មរបស់លោកស្រីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មន្ទីរទេស​ចរណ៍ខេត្តកែប បានចុះផ្សាយថា៖«សូមប្រុងប្រយ័ត្នចំពោះបុគ្គលរូបនេះ គាត់វិជ្ជ​មាន​កូវីដ តែមិនទាន់រកយកមកធ្វើចត្តាឡីស័ក»។

កាលពីពេលថ្មីៗនេះ មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្ដិភាព បានព្រមានថា អ្នកផ្សព្វផ្សាយមិនពិតអំពីបញ្ហាកូវីដនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវ៉ាក់សាំងចិន នឹងត្រូវចោទប្រកាន់ពីបទញុះញង់តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ហើយនឹងត្រូវការផ្ដន្ទាទោសពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពីពី១លានទៅ៤លានរៀល ដោយសារលោកលើកឡើងថា ការចុះផ្សាយនាំឱ្យមានការយល់ច្រឡំនេះ អាចបង្កឱ្យមានភាពវឹកវរដល់សន្ដិសុខនិងសណ្ដាប់ធ្នាប់ក្នុងសង្គមធ្ងន់ធ្ងរ៕