
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា អាជ្ញាធរបន្តស្វែងរកជនជាតិចិនម្នាក់និងវៀតណាមម្នាក់ដែលបានទៅធ្វើតេស្ដវិជ្ជមានកូវីដ១៩នៅថ្ងៃទី២៤កុម្ភៈ ដើម្បីបញ្ជូនពួកគេមកព្យាបាល។
សារព័ត៌មានវីអូឌីបានស្រង់សម្ដីរបស់លោកស្រី ឱ វណ្ណឌីន ចុះផ្សាយនៅរសៀលថ្ងៃទី២៦កុម្ភៈថា៖« អត់ដឹង បើដឹងរកឃើញបាត់ហើយ មកពីមិនដឹងហ្នឹង។ គាត់ដាក់តែភ្នំពេញៗ អាសយដ្ឋានអ៊ីចឹង [គាត់ដាក់អាសយដ្ឋាន] កុហក គេរកមិនឃើញ មិនដឹងគាត់ទៅកន្លែងណា [ឥលូវ]អាជ្ញាធរកំពុងរកហើយ»។
សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីលោកស្រី ឱ វណ្ណឌីន ដែលបានផ្ញើសារសុំការឆ្លើយតបតាមតេឡេក្រាមទេ រីឯលោក ងី មានហេង មិនលើកទូរសព្ទនៅពេលហៅចូលជាច្រើនដង។
គិតមកដល់ថ្ងៃទី២៦កុម្ភៈនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដក្នុងសហគមន៍២០កុម្ភៈ កើនដល់២៣៤នាក់ ដែលភាគច្រើនបំផុតជាជនជាតិចិន និងបានរកឃើញកន្លែងពាក់ព័ន្ធនឹងព្រឹត្តការណ៍នេះកើនដល់៧៧នាក់។
ក្រសួងសុខាភិបាលបានចាត់ទុកថា ការឆ្លងរាលដាលសហគមន៍២០កុម្ភៈ ដែលមានប្រភពចេញពីជនជាតិចិនមិនបានគោរពតាមវិធានការចត្តាឡីស័កនេះ គឺជាការផ្ទុះឡើងទ្រុងទ្រាយធំបំផុតមិនធ្លាប់មាន ដែលពលរដ្ឋគ្រប់រូបត្រូវនាំគ្នាភ័យព្រួយនិងចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា។
រដ្ឋាភិបាលបានប្រកាសថា ជនបរទេសណា បង្កការលំបាកដល់កិច្ចការស្រាវជ្រាវរបស់សមត្ថកិច្ច ដូចជាមិនសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម នឹងត្រូវបណ្ដេញចេញពីកម្ពុជាលែងឱ្យវិលត្រឡប់ចូលវិញ៕