លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឱ្យគ្រូពេទ្យត្រូវណែនាំបន្តទៅពលរដ្ឋឱ្យអនុវត្តវិធានការលាងសម្អាតដៃឱ្យបានញឹកញាប់ជាទីបំផុត ជាពិសេសគឺនៅរៀងរាល់ក្រោយពេលយកដៃទៅប៉ះទ្វារដែលប្រើប្រាស់ជាសាធារណៈ ព្រោះវីរុស​កូវីដ១៩ មិនមែនត្រឹមឆ្លងតាមរយៈមាត់ និងច្រមុះទេ ប៉ុន្តែវាក៏អាចឆ្លងតាម​រយៈ​ត្រចៀក​និងភ្នែកដែរ។

លោកស្រីថ្លែងនៅក្នងសារសំឡេងមួយថា៖«សុំជូនព័ត៌មានមួយដែលជាការដកពិសោធក្នុងបណ្ដាប្រទេសផ្សេងៗ។ ការពាក់ម៉ាស់គឺការពារបានតែច្រមុះនិងមាត់ទេ។ ដោយឡែកភ្នែកនិងត្រចៀក យើងអត់មានអីគ្របបានទេ។ អ៊ីចឹង! សំខាន់គឺការលាងដៃ…។ ខ្ញុំសូមអំពាវនាវឱ្យគ្រូពេទ្យយើង ណែនាំទៅប្រជាពលរដ្ឋ លាងដៃគឺជាការសំខាន់ណាស់។ សូម្បីតែនៅអាមេរិក ការលាងដៃ សម្អាតដៃ និងខ្លួនប្រាណ គឺជាភារកិច្ចសំខាន់។ ហើយទ្វារបើកចេញចូលនេះ គឺនៅពេលរុញទ្វារហើយ ត្រូវលាងដៃ ជាពិសេសទ្វារដែលប្រើជាសាធារណៈ។ សូមប្រយ័ត្នភ្នែកនិងត្រចៀក ពីព្រោះវាមិនមែនចូលតែច្រមុះនិងមាត់ទេ»។

ទោះជាយ៉ាងណា មកដល់ពេលនេះ មិនទាន់មានការណែនាំជាផ្លូវការពីអ្នកវិទ្យាសាស្រ្ដអន្តរជាតិ ឬអង្គការសុខភាពពិភពលោក ថាវីរុសកូវីដអាចឆ្លងតាមរយៈត្រចៀកឡើយ។ កន្លងមក អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យជៀសវាងការយកដៃទៅប៉ះពាល់ជាមួយភ្នែក ជាពិសេសគឺនៅក្រោយពីប្រើដៃទៅប៉ះពាល់នឹងវត្ថុអ្វីមួយ។

ក្រសួងសុខាភិបាលកម្ពុជាធ្លាប់បានប្រកាសឱ្យបញ្ឈប់ការបាញ់ទឹកអាល់កុលលើខ្លួនប្រាណ ដោយព្រមានថា វាអាចធ្វើឱ្យអាល្លែកហ្ស៊ីស្បែក ខ្វះភ្នែក និងអាចធ្វើឱ្យពុលជាដើម ខណៈក្រសួងបញ្ជាក់ថា ទឹកអាល់កុលគឺអាចប្រើសម្រាប់តែលាងដៃ និងបាញ់កម្ចាត់មេរោគនៅលើវត្ថុនិងទីធ្លានៅតាមអាគារប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី ២៦កុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញចំនួនអ្នកវិជ្ជមានថ្មីចំនួន ៤៤នាក់ ក្នុងនោះ៤០អ្នកជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង ៤នាក់ជាអ្នកដំណើរនាំចូល។ រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ​១៩​សរុប​ចំនួន ៧៤១នាក់ ព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងកំពុងសម្រាកព្យាបាលជាសះស្បើយចំនួន ២៦២នាក់៕