នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករប្រមាណ១ពាន់នាក់បានចេញតវ៉ានៅទីក្រុងយ៉ាងហ្គនដើម្បីបង្ហាញការគាំទៅយោធាភូមា និងបានឈានដល់ការផ្ទុះហិង្សាដោយសារបានប្រតាយ​ប្រតប់គ្នាជាមួយក្រុមបាតុករម្ខាងទៀតដែលកំពុងចេញតវ៉ាជាប្រចាំថ្ងៃប្រឆាំងរដ្ឋប្រហារយោធា។ សារព័ត៌មានReutersបានផ្សាយថា ក្រុមបាតុករគាំទ្រយោធាប្រមាណ​១ពាន់នាក់នោះ ដែលខ្លះបានកាន់ដំបង គឺបានវាយប្រហារដោយបានបាញ់គ្រាប់ជំពាននិងគប់ដុំថ្មទៅលើក្រុមបាតុករគាំទ្រលោកស្រី អ៊ុង សានស៊ូជី។

ការប៉ះពាល់ទង្គិចគ្នានេះ បានកើតឡើងក្រោយពីក្រុមបាតុករគាំទ្រលោកស្រី អ៊ុង សាន​ស៊ូជី រាប់សែននាក់ មានដូចជាព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន គ្រូពេទ្យ ក្រុមសិល្បៈ រួមទាំងប៉ូលីសនិងទាហានខ្លះទៀតផង បានចេញតវ៉ានៅទូទាំងប្រទេសអស់រយៈពេលប្រហែល​៣សប្ដាហ៍មកហើយ ដើម្បីប្រឆាំងរដ្ឋប្រហាររបស់យោធាដែលចូលមកដណ្ដើមអំណាចពីរដ្ឋាភិបាលដែលជាប់ឆ្នោត។

ការចេញតវ៉ាពីសំណាក់ក្រុមបាតុករគាំទ្រយោធានេះ បានកើតឡើងស្របពេលក្រុមសិស្សិនិស្សិតបានសន្យាថា នឹងចេញពីសាលាមកចូលរួមតវ៉ាសារជាថ្មីនៅទីក្រុងយ៉ាងហ្គន ប៉ុន្តែត្រូវបានក្រុមប៉ូលីសដាក់ពង្រាយនៅតាមរបងសាលារៀន ដើម្បីរាំខ្ទប់មិនឱ្យពួកគេចេញ​មកតវ៉ា។

ស្របពេលមានការប្រតាយប្រតប់គ្នារវាងបាតុករនិងបាតុករបានផ្ទុះឡើង ក្រុមហ៊ុនហ្វេស​ប៊ុកបានប្រកាសថា ខ្លួនបានដាក់បម្រាមមិនឱ្យរបបយោធានៅភូមាអាចប្រើប្រាស់ហ្វេស​ប៊ុកនិងInstagram ដោយបាននិយាយថា វាជាហានិភ័យនិងគ្រោះថ្នាក់មួយដែលបន្តអនុញ្ញាតឱ្យយោធាភូមាប្រើប្រាស់ហ្វេសប៊ុកនៅពេលនេះ។

ក្រុមយោធាភូមាបង្ហាញការបង្ក្រាបកាន់តែហិង្សាទៅលើក្រុមបាតុករដែលបានចេញតវ៉ាទាមទារឱ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយឈ្នះឆ្នោតផ្សេងទៀត។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បាតុករចំនូន៣នាក់បានស្លាប់ និងប៉ូលីសម្នាក់បានស្លាប់ បន្ទាប់ពីក្រុមប៉ូលីសបានបើកការបាញ់ប្រហារគ្រាប់ពិតបង្ក្រាបលើក្រុមបាតុករ។

ប៉ុន្តែមេយោធាភូមាលោក មីន អ៊ុងឡាំង បានបញ្ជាក់ថា ក្រុមប៉ូលីសបានអនុវត្តតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យដើម្បីដោះស្រាយជាមួយក្រុមបាតុករ ដូចជាការប្រើប្រាស់កម្លាំងតិចតួច និងការប្រើប្រាស់គ្រាប់កាំភ្លើងជ័រជាដើម៕

ទោះជាយ៉ាងណា ក្រុមការពារសិទិ្ធមនុស្សបាននិយាយថា ក្រៅពីការបាញ់សម្លាប់បាតុករ គឺគិតត្រឹមថ្ងៃពុធម្សិលមិញ យោធាបានចាប់ខ្លួនមនុស្ស៧២៨នាក់ ដើម្បីចោទប្រកាន់និងខ្លះត្រូវកាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងការផ្ទុះបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនេះ៕