ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសកាលនៅថ្ងៃព្រហស្បតិ៍ទី២៥កុម្ភៈនេះថា ខ្លួនបានដាក់បម្រាម​លើរាល់គណនីទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងយោធាភូមា និងការផ្សាយពាណិជ្ជ​កម្មពីក្រុមហ៊ុននានាដែលគ្រប់គ្រងដោយយោធា ដើម្បីបង្ហាញការប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ។

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងចាត់ទុកស្ថានភាពក្រោយរដ្ឋប្រហារនៅក្នុងប្រទេសភូមា និងការសម្លាប់បាតុករកាលពីពេលថ្មីៗនេះ ថាជាភាពអាសន្នមួយ។

នាពេលកន្លងមក ក្រុមហ្វេសប៊ុកបានក៏បិទគណនីទាក់ទងនឹងយោធាមួយចំនួនរួចហើយ ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈ ក្នុងនោះរួមមានទូរទស្សន៍ Myawaddy TV ដែលគ្រប់គ្រងដោយកងទ័ពនិងទូរទស្សន៍រដ្ឋ MRTV ។ បំរាមនេះក៏ត្រូវបានគេយកទៅអនុវត្តនៅលើបណ្តាញសង្គម Instagram ដែលគ្រប់គ្រងដោយហ្វេសប៊ុកផងដែរ។

ក្រុមហ៊ុនហ្វេសប៊ុកនិងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ធ្លាប់បានទទួលការរិះគន់យ៉ាងខ្លាំងនៅឆ្នាំ២០១៧ ថាមិនបានធ្វើសកម្មភាពគ្រប់គ្រាន់ដើម្បីបញ្ឈប់ការនិយាយនាំឱ្យមានការស្អប់ខ្ពើមនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមនៅភូមា។ កងទ័ពភូមាបានបើកប្រតិបត្តិការប្រឆាំងការបះបោរដ៏ឃោរឃៅមួយនៅឆ្នាំនោះ ដែលបានរុញច្រានជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០ នាក់ចាកចេញពីផ្ទះសម្បែង​ដើម្បីស្វែង​រក​ទីមានសុវត្ថិភាពនៅប្រទេសបង់ក្លាដែស៕