នៅថ្ងៃទី២៣ ខែកុម្ភៈ មានការតាំងពិព័រណ៍ម្ហូបអាហារក្រោមគម្រោងភូមិគ្មានផ្សែងរបស់អង្គការSNV ស្ថិតនៅភូមិខ្នងភូមិ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្អឺ ដើម្បីឱ្យប្រជាពល រដ្ឋស្វែងយល់ពីការប្រើប្រាស់ចង្ក្រានដែលគ្មានផ្សែង និងការប្រើប្រាស់ចង្ក្រានដុតអុស។

លោក BASTIAAN TEUNE អ្នកដឹកនាំផ្អែកវិស័យថាមពលនៅកម្ពុជា និង ជាអ្នកសម្របសម្រួល គម្រោងចង្ក្រានពិភពលោកនៃអង្គការSNVបានឱ្យដឹងថាគម្រោងភូមិគ្មានផ្សែងនេះមានបំណង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធ្វើឱ្យគុណភាពនៃជីវិតកាន់តែប្រសើរតាមរយៈ ការប្រើ ប្រាស់មធ្យោបាយចម្អិនម្ហូបស្អាតដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាសខាងក្នុង និងការចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់ ព្រមទាំងពិភពលោកទាំងមូល។

លោកបន្តថា វាពិតជាមានសារៈសំខាន់ណាស់នៅពេលដែលតាមសហគមន៍បានចូលរួមជាមួយគម្រោងគ្មានផ្សែង ហើយតាមរយៈគម្រោងនេះ អង្គការបានផ្តោតសំខាន់លើជីវភាពប្រជាជន ស្ថានភាពសុខភាពសាធារណៈ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ។

លោកបន្ថែមថា ការប្រើប្រាស់ចង្ក្រានបែបបុរាណមានផលអវិជ្ជាមានច្រើន ដូចជា មានការគំរាមកំហែងដល់ពិភពលោក ព្រោះវាបានបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងទម្រង់ជាឧស្ម័នកាបូនិចនិងបំពុលផ្សេងៗ។ ការបំពុលតូចៗដែលចេញពីការចម្អិន ម្ហូប ដោយប្រើចង្ក្រាន ដុតអុសពិតជាមានការប៉ះពាល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោកទាំងមូល។

លោកថា៖«ការចម្អិនដោយចង្រ្កានដុតអុសក៏មានផ្សែងបំពុលនៅជុំវិញចង្ក្រានផងដែរ ហើយផ្សេងដែលបំពុលនេះស្មើនឹងអ្នកដែលជក់បារី១០ ដើមក្នុងមួយថ្ងៃ ហើយអាចបណ្តាលឱ្យមានបញ្ហាប្រឈមសុខភាពដូចជា ជំងឺដង្ហើម រលាកសួត និង ជំងឺរបង»។

លោក ឡោ ងួតឡេង មេឃុំព្រះខែ បានប្រាប់ថា ចាប់តាំងពីអង្គការ SNV បានចូលរួម ផ្សព្វផ្សាយពីគម្រោងគ្មានផ្សែង ហើយក្នុងស្រុកបរសេដ្ឋ អង្គការSNV បានយកឃុំព្រះខែ អនុវត្តចាប់តាំងពីខែធ្នូមក ហើយ ប្ជាពលរដ្ឋមានការកែប្រែច្រើនពីការប្រើអុស មកប្រើចង្ក្រាន ហ្គាសបានមួយចំនួនធំ ហើយមានតែចំនួន១៥០គ្រួសារដែលមានជីវភាពក្រីក្រនៅបន្តប្រើអុស ព្រោះគ្មានលទ្ធភាពក្នុងការទិញចង្ក្រានទំនើបយកមកប្រើប្រាស់។

លោកថា៖«តែយើងនៅតែបំផុសឱ្យពួកគាត់មកកែពីការប្រើអុស មកប្រើចង្ក្រានហ្គាស ដើម្បីសុខភាព គ្រួសារកូនចៅរបស់ពួកគាត់ ហើយចាំមើលបន្តទៅមុខទៀត បើគាត់នៅ តែអត់មានលទ្ធភាព ក្នុងនាមខ្ញុំជាអាជ្ញាធរឃុំ និងអង្គការ SNV ប្រហែលជាមានកម្មវិធីឧបត្តម្ភជាចង្គ្រានជូនពួកគាត់ហើយ នេះគឺជាការគិតរបស់ខ្ញុំទេ»។

លោកបានបន្តថា អាជ្ញាធរបានណែនាំពលរដ្ឋឱ្យហាលអុសឱ្យស្ងួត ព្រោះអុសសើមបង្កឱ្យមានផ្សែងច្រើនពេលចម្អិន ដែលធ្វើឱ្យប៉ះពាល់សុខភាព។

លោក តាន់ ប៊ុនឡេង អ្នកសម្របសម្រួលការផ្លាស់ប្តូរឥរិយាបថប្រចាំខេត្តលើគម្រោងលើកកម្ពស់ទីផ្សារចង្រ្គានជីវម៉ាសក្នុងអនុតំបន់ទន្លេមេគង្គ បានឱ្យដឹងថា គម្រោងភូមិគ្មានផ្សែងនេះបានចាប់ផ្តើមចាប់ពីខែធ្នូឆ្នាំ២០២០។ រយៈពេលជាងបីខែក្នុងយុទ្ធនាការផ្សព្វផ្សាយពីចង្គ្រានមានផ្សែង ដែលមានផលប៉ះពាល់បង្កឱ្យកើត ជំងឺបេះដូង ជំងឺសួត និងជំងឺដាច់សរសៃឈាម គឺពលរដ្ឋចាប់ផ្ដើមមានការយល់ដឹងពីផលប៉ះពាល់ របស់ផ្សែង។

លោកថា¶«រាល់ថ្ងៃនេះគាត់(ពលរដ្ឋ)ដឹងថា បញ្ហានេះជាបញ្ហាសំខាន់។ អ៊ីចឹង! អ្នកខ្លះគាត់មានលុយ ព្យាយាមទិញចង្ក្រានហ្គាស។ តាមពិតទៅគម្រោងថាមពលរបស់SNV មានយូរហើយ គ្រាន់តែយើងធ្វើ ការជាមួយក្រុមហ៊ុន ទើបតែឆ្នាំ២០០០ហ្នឹង។ យើងរកឃើញថា យើងផ្តោតតែជាមួយក្រុមហ៊ុនតែឥរិយាបទពលដ្ឋអត់ប្តូរដដែល។ អ៊ឹចឹង! ឆ្នាំ២០០០ ចាប់ផ្តើមមានគម្រោងភូមិគ្មានផ្សែងក្នុងការ ផ្លាស់ប្តូរឥរិយាបទប្រជាជន និងថ្នាក់ក្រោម ប៉ុន្តែពីមុនក្រុមហ៊ុនដើរលក់ហើយយើងគាំទ្រតាមក្រោយ តែឥឡូវនេះជួយតាមឃុំ ហើយគិតថាកាលណាយើងដល់សហគមន៍ សហគមន៍ហ្នឹងអាចធ្វើឱ្យ បញ្ហាហ្នឹងកាត់បន្ថយ»។

លោកបានប្រាប់ដែរថា គម្រោងភូមិគ្មានផ្សែងនេះព្យាយាមឱ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបទ៤ គឺសូមដាក់កុមារឱ្យឆ្ងាយពីផ្សែង  សូមចម្អិនម្ហូបនៅផ្ទះបាយដែលមានខ្យល់ចេញចូលល្អ សូមហាលអុសឱ្យស្ងួត និងសូមប្រើប្រាស់ចង្ក្រានដែលគ្មានផ្សែង។ លោកថា ក្នុងចំណោម ៤ចំណុចនេះ ពលរដ្ឋប្រហែល ៥០ ភាគរយ អាចធ្វើបាន៣ចំណុច តែចំណុចទី៤ មិនទាន់បានអនុវត្តទាំងអស់នោះទេ ព្រោះជីវភាព គ្រួសារមួយចំនួននៅមានកម្រិត។

លោកក៏បានបញ្ជាក់ផងដែរ គម្រោងភូមិគ្មានផ្សែងនៅសុ្រកបរសេដ្ឋនេះនឹងចប់នៅខែមីនាខាងមុខនេះ តែប្រហែលអាចនឹងបន្តគម្រោងនេះទៀត។ អង្គការបានមកអនុវត្តគម្រោងនេះនៅស្រុកបរសេដ្ឋដោយសារនៅស្រុកនេះធ្លាប់ជោគជ័យលើគម្រោងបង្គន់អនាម័យ១០០ភាគរយ ហើយបច្ចុប្បន្នគម្រោងភូមិគ្មានផ្សែងនេះ ក៏កំពុងអនុវត្តនៅខេត្តសៀមរាប និងខេត្តបាត់ដំបងផងដែរ។

លោកស្រី អឹម រឿន រស់នៅភូមិស្រុកបរសេដ្ឋ ខេត្តកំពង់ស្អឺបានលើកឡើងថា អ្នកភូមិដែលងាកមកប្រើចង្ក្រានហ្គាសមានជាង៨០ភាគរយហើយ។

លោកស្រីថា«សព្វថ្ងៃនេះ ខ្ញុំប្រើហ្គាសមានរយៈពេលបីឆ្នាំហើយ ព្រោះចម្អិនអាហាររហ័សឆាប់ ងាយស្រួល។ កាលដែលប្រើចង្ក្រានអុសពិបាកមានផ្សែង ហើយយូរ តែដល់ពេលយើងប្រើចង្ក្រានហ្គាស វារហ័សកន្លះម៉ោងឆ្អិនបាយ ឆ្អិនសម្ល ហើយមិនមានការភ័យខ្លាចក្នុងការ ប្រើហ្គាសនោះទេ ពេលដែលក្មេងមកជិត គឺចុចបិទទៅ»។

បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅក្នុងប្រទេសកម្ពុជាមានគ្រួសារប្រហែល ២លាន៥សែនគ្រួសារ ដែលនៅតែប្រើប្រាស់ចង្ក្រានបែបប្រពៃណី ជាមួយនឹងជីវម៉ាសរឹងដូចជា អុស និង សំណល់ពីការធ្វើកសិកម្ម។ អង្គការសុខភាពពិភពលោក ក៏បានប៉ានប្រមាណថា ប្រជាជនក្នុង ប្រទេស កម្ពុជាប្រមាណ ១៥០០០នាក់ បានស្លាប់មុនអាយុក្នុងមួយឆ្នាំ ដោយសារការបំពុលក្នុងផ្ទះ៕