នៅព្រឹកថ្ងៃទី២៥កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសមានអ្នកជាសះស្បើយម្នាក់ និងមាន​អ្នកឆ្លងថ្មីចំនួន៦៥នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត និងខ្ពស់ជាងកាល​ពីថ្ងៃម្សិលមិញដែលមានករណីឆ្លងចំនួន៤០នាក់។

ក្នុងចំណោមករណីថ្មីទាំងនេះ គឺ៦៤នាក់ជាការឆ្លងសហគមន៍ និងនាំចូលជំងឺរបស់កង​ទ័ព​មួកខៀវកម្ពុជាម្នាក់មកពីតំបន់អាហ្វ្រិក។  ក្នុងចំណោមករណីសហគមន៍ គឺមានមានជនជាតិចិន៤៨នាក់ ដែលនៅទីក្រុងភ្នំពេញ៤២នាក់ និងនៅខេត្តព្រះសីហនុ៦នាក់ សល់​ពីនោះ គឺជាជនជាតិសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងខ្មែរ។

ស្រ្ដីម្នាក់ដែលប្រកាសជាសះស្បើយថ្ងៃនេះ គឺជាជនជាតិខ្មែរដែលបានធ្វើដំណើរពីសហ​រដ្ឋអាមេរិក និងមានអាសយដ្ឋាននៅសង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៩៧នាក់ ក្នុងនោះព្យាបាល​ជាសះស្បើយចំនួន៤៧៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន២១៧នាក់។ ក្រសួង​សុខាភិបាលបានអះអាងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយដែលមានអ្នកឆ្លង​កូវីដបានកើនឡើងគំហុក បានធ្វើឱ្យមន្ទីរពេទ្យចំនួន៣កន្លែងនៅភ្នំពេញអស់កន្លែងសម្រាប់ទទួលបានអ្នកជំងឺកូវីដ១៩ថ្មី និងបានយកកន្លែងធ្វើចត្តាឡីស័កធ្វើជាមន្ទីរព្យាបាលបន្ថែមទៀត៕