ទីតាំងសម្រាកព្យាបាលចំនួន៣កន្លែង ដូចជាមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត មណ្ឌលសុខភាពចក្រអង្រែ និងមជ្ឈមណ្ឌលកំចាត់មេរោគរបេងនិងហង់សិន កំពុងផ្ទុកអ្នកជំងឺពេញកន្លែងទាំងអស់ដែលពុំអាចទទួលអ្នកជំងឺបន្ថែមទៀត។ ការអស់កន្លែងសម្រាប់ទទួលអ្នកជំងឺកូវីដបន្ថែមនេះ ស្របពេល៥ថ្ងៃចុងក្រោយនេះគឺចាប់តាំងពីមានការផ្ទុះក្នុង​សហ​គមន៍២០កុម្ភ កម្ពុជាបានរកឃើញករណីឆ្លងថ្មីសរុបចំនួនសរុប១៤៩នាក់ ដែលភាគច្រើនជាជនជាតិចិន។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៤កុម្ភៈនេះថា អ្នកជំងឺដែលកំពុងបន្តសម្រាកព្យាបាលនៅសល់ចំនួន១៥៧នាក់ ក្នុងនោះ១១៧នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរ​ពេទ្យក្នុងរាជធានីភ្នំពេញទាំង៣ទីតាំង និងសល់ពីនោះកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យខេត្ត។

សារព័ត៌មានហ្វ្រេសញូវបានចុះផ្សាយនៅយប់នេះថា ក្រសួងសុខាភិបាល បានសម្រេចយកមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនៅខណ្ឌព្រែកព្នៅ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយសារមន្ទីរទាំង៣ទីតាំងផ្សេងទៀតបានពេញអស់។ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩នៅព្រៃកព្នៅនេះ អាចដាក់អ្នកជំងឺបានចំនួន៥០០គ្រែ មានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យសម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយនឹងចាប់ផ្ដើមដាក់អ្នកជំងឺពីយប់នេះតទៅ៕