លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាថ្លែងថា រដ្ឋាភិបាលគួរតែបិទទីក្រុងភ្នំពេញរយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការកុំឱ្យកូវីដឆ្លងរាលដាលពីទីក្រុងទៅតាមបណ្ដាខេត្ត ដែលនឹងនាំឱ្យសេដ្ឋកិច្ចជាតិត្រូវគាំងទាំងស្រុង។ ការស្នើសុំឱ្យបិទទីក្រុងនេះ ដោយសារលោកសង្កេតឃើញថា ពលរដ្ឋភាគច្រើនមិនបានអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលឡើយ ដូចជាពាក់ម៉ាស់ លាងដៃ និងរក្សាគន្លាតពីគ្នាជាដើម ហើយម្យ៉ាងទៀតបើទោះបីជាមិនបិទទីក្រុងនៅពេលនេះ ក៏កូវីដកំពុងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់ពលរដ្ឋរួចទៅហើយ។

នៅក្នុងវីដេអូរមួយចេញផ្សាយតាមទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣កុម្ភៈម្សិលមិញ លោក ពេជ្រ ស្រស់ បានលើកឡើងថា ការបន្តបើកឱ្យពលរដ្ឋធ្វើដំណើរចេញចូលទីក្រុងភ្នំពេញនៅពេលនេះ គឺអាចធ្វើឱ្យរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់កុំឱ្យការផ្ទុះឡើង​សហគមន៍២០កុម្ភៈឆ្លងរាលដាលទៅទូទាំងប្រទេស ខណៈលោកថាការផ្ទុះឡើងកូវីដ​បច្ចុ​ប្បន្ននេះ កំពុងឆ្លងកាន់តែខ្លាំងឡើងគឺចេញពីកន្លែងមួយទៅកន្លែងមួយទៀ និងបានធ្វើឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍នេះមានកាន់តែច្រើន។

លោកបន្តថា ការស្នើនេះមិនមែនក្នុងន័យបិទសេដ្ឋកិច្ចរបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែដើម្បីការពារកុំឱ្យទុករហូតហួសពេលឆ្លងរាលដាលនៅទូទាំងប្រទេស ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលធ្វើឱ្យសេដ្ឋកច្ចប្រទេសជាតិទាំងមូលត្រូវជាប់គាំង និងធ្វើឱ្យពលរដ្ឋបាត់បង់អាយុជីវិត

លោកថា៖«យើងគួរតែបិទទីក្រុងរយៈពេល១៤ថ្ងៃសិនទៅ ដើម្បីតាមដានស្ថានភាពព្រឹត្តការណ៍២០កុម្ភៈ វាមានវិសាលភាពប៉ុណ្ណា។ ព្រោះឥឡូវនេះ មានកន្លែងច្រើនណាស់ដែលប៉ះពាល់ រហូតដល់អ្នករត់តាក់ស៊ី ផាស់ស្អាប់ដឹកភ្ញៀវ។ ហើយបើមិនបិទ តើបងប្អូនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនោះទេ។ បងប្អូនធ្វើមិនបានទេ ដោយខ្ញុំសង្កេតឃើញថា គ្មានពលរដ្ឋណាមួយដែលរក្សាគម្លាត ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវនោះទេ»។

ការស្នើពីប្រធានគណបក្សយុវជននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២២កុម្ភៈថា ថ្វីត្បិតបានសម្រេចបិទសាលារៀនទាំងអស់នៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលចំនួន២សប្ដាហ៍ និងស្នើសុំឱ្យពលរដ្ឋពន្យារពេលរៀបមង្គល​ការជាដើម ប៉ុន្តែរដ្ឋាភិបាលមិនបិទដំណើរសេដ្ឋកិច្ចនៅទីក្រុងឡើយ ដូចជា​បិទ​រោងចក្រ ភោជនីយដ្ឋាន និងអាហារដ្ឋានជាដើម។

ផ្ទុយទៅវិញ នាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យពលរដ្ឋមិនគួរធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនចាំបាច់ និងត្រូវពាក់ម៉ាស់ លាងសម្អាតដៃ រក្សាគន្លាតសុវត្ថិភាព និងជៀសវាងធ្វើដំណើរទៅកន្លែងដែលមានការបិទជិត។ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋតាមបណ្ដាខេត្តផ្អាកធ្វើដំណើរចូលទៅក្រុងភ្នំពេញដែរ៕