នៅថ្ងៃទី២៤កុម្ភៈនេះ ក្រុមហ៊ុន Facebook ដែលសហការជាមួយមជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​​របស់​ក្រសួង​សុខាភិបាល បានចាប់ផ្ដើមដំណើរការ​កម្មវិធីបរិច្ចាគឈាម​តាមហ្វេស​ប៊ុកក្នុង​ប្រទេសកម្ពុជា ដែលជាកិច្ចប្រឹង​ប្រែងមួយដើម្បី​ធ្វើ​ឲ្យកាន់​តែ​ងាយស្រួល​សម្រាប់​អ្នក​បរិច្ចាគឈាម។ រហូត​មក​ដល់​ពេលនេះ មានមជ្ឈមណ្ឌល​ផ្តល់​ឈាមចំនួន​២២ហើយ បានចាប់ផ្ដើម​ដំណើរការកម្មវិធី Facebook​ នេះ។

កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook ត្រូវបានបង្កើត​ឡើងដើម្បី​ណែនាំ​​មហា​ជន​ទូទៅ​​ចាប់​អារម្មណ៍​លើកិច្ចបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ដដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាមទូទាំងប្រទេស និង​ជួយ​កសាង​សហគមន៍មួយដែលចេះ​ជួយ​គ្នា​​ទៅវិញទៅមក។

 ការផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះ ដោយសារនៅទូទាំង​ពិភពលោក ជីវិត​មនុស្ស​រាប់​លាន​នាក់​ពឹង​ផ្អែក​លើលទ្ធភាព​​ការ​ផ្គត់​ផ្គង់​ឈាមប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព មិន​ថា​ជាការ​ផ្តល់ឈាមជា​ប្រចាំ ឬ ការ​ផ្តល់​ឈាម​សម្រាប់ការ​សង្គ្រោះ​បន្ទាន់​នានា​ដូច​ជា ​គ្រោះ​ថ្នាក់​តាមដងផ្លូវ ការ​វះ​កាត់ស្មុគ​ស្មាញ​ ឬភាព​ស្មុគ​ស្មាញផ្នែកជំងឺ​ផ្សេងៗក្តី លទ្ធភាព​ទទួល​បានឈាមមានសារៈ​សំខាន់​ខ្លាំង​ក្នុងការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាពិសេសការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ 

លោក ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា៖«យើង​សូម​ស្វាគមន៍​គំនិតផ្តួចផ្តើម​នេះ ហើយ​យើង​កំពុង​សម្លឹង​ឆ្ពោះ ​ទៅរកការ​ពង្រឹងឌីជីថលនីយកម្ម​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង ដោយ​ណែនាំប្រជាជនឲ្យស្គាល់​​សេវាកម្មជាតិផ្ដល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ យើង​លើក​ទឹកចិត្ត​ប្រជាជពលរដ្ឋដែលចាប់អារម្មណ៍​ចុះឈ្មោះ​​ដើម្បីបរិច្ចាគឈាមជួយ​សង្គ្រោះ​ជីវិត​​»។

កម្មវិធី​បរិច្ចាគ​ឈាម​របស់​ក្រុមហ៊ុន Facebook បាន​ជួយ​បង្កើន​ការ​បរិច្ចាគឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នៅទូទាំង​ពិភព​លោក។ កម្មវិធីនេះ​ផ្តល់ជម្រើស​ដល់​មនុស្ស​ដែលមានអាយុ​ចាប់​ពី ១៨ ទៅ ៥៥​ឆ្នាំឱ្យ​ប្រើប្រាស់​កម្មវិធីលើ Facebook ដើម្បី​​ចុះ​ឈ្មោះ​ទទួល​បានការ​ជូនដំណឹង​​ពីមជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែល​នៅក្បែរ​ពួក​គេ និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​​​ដើម្បី​ធ្វើដំណើរ​ ទៅ​បរិច្ចាគ​​ឈាម។

ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Facebook បាន​ធ្វើការងារ​ជាមួយ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ក្នុងស្រុក​ផ្សេង​ៗទៀត ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌​មាន​​ផ្នែកសុខាភិបាល​ដែលអាចទុក​ចិត្តបាន​តាមប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​ទប់ស្កាត់​ព័ត៌មានមិនពិត​ និង ព័ត៌មានស្តីពី​ការ​ព្យាបាល​ថែទាំជំងឺ​ក្លែងបន្លំ​ជាដើម។

លោក ហេង ភក្តី ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់ក្រុមហ៊ុន Facebook បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន Facebook សង្ឃឹមថាក្រុមហ៊ុន​នឹងអាចជួយ​បង្កើត​សហគមន៍មួយ​ដែល​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងគ្រា​លំបាក។ ដោយសារ​ការ​រាតត្បាត​ជំងឺកូវីដ ១៩ ​នៅទូទាំង​ពិភពលោក មនុស្ស​កាន់តែច្រើន​ឡើង​កំពុង​ប្រើប្រាស់​ផ្លាត​ហ្វម​ឌីជីថល​នានា​​ដើម្បីបង្កើត​ការ​យល់ដឹង​អំពីសុខភាព និង​បង្កើត​ប្រព័ន្ធគាំទ្រ​នានា។ ក្រុមហ៊ុនមានក្តីរីករាយ​ក្នុងការ​ធ្វើការងារ ​ជា​មួយ​រដ្ឋាភិបាល និងដៃគូ​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុងការ​បរិច្ចាគ​ឈាម និង​ធានា​ថាមនុស្ស​កាន់​តែ​ច្រើន​មានលទ្ធភាព​ទទួលបាន​ការ​ផ្គត់​ផ្គង់ឈាម​ប្រកប​ដោយ​សុវត្ថិភាព និង​និរន្តរភាព”។

នៅទូទាំងពិភពលោក មានអ្នក​ប្រើប្រាស់​ Facebook ជាង ៨៥​លាន​នាក់​នៅ ​ ​បាន​ចុះឈ្មោះ​តាមរយៈកម្មវិធី​បរិច្ចាគ​ឈាម​នេះ ដើម្បី​ទទួល​បានការ​ជូនដំណឹង​ពី​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម​ដែលនៅជិត​ពួកគេ។ កម្មវិធី​នេះ​បច្ចុប្បន្ន​មាន​នៅក្នុង​ប្រទេស​ចំនួន ៣០ រួមទាំងកម្ពុជា​ផងដែរ។ ដើម្បី​ស្វែង​យល់​បន្ថែម សូម​ចូលទៅកាន់www.facebook.com/donateblood