នៅព្រឹកថ្ងៃទី២៤កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញការឆ្លងកូវីដលើស្រ្ដីជន​ជាតិចិនស្នាក់នៅក្រុងព្រះសីហនុចំនួន២នាក់ បន្ទាប់ពីពួកគេបាននាំគ្នាទៅធ្វើតេស្ដដើម្បីស្នើសុំវិញ្ញាណបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២២កុម្ភៈ ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ខ្លីតាមប្រពន្ធតេឡេក្រាម​ថា ស្រ្ដីជនជាតិចិនទាំងពីរនេះ គឺបានឆ្លងតគ្នាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ:។

ខេត្តព្រះសីហនុបានក្លាយជាខេត្តទី២ ដែលបានរកឃើញការឆ្លងកូវីដពីសហគមន៍​២០​កុម្ភៈ​នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីខេត្តកណ្ដាល។

រដ្ឋបាលខេត្តព្រះសីហនុបានចេញប្រកាសថា អាជ្ញាធរបានសម្រេចបិទសណ្ឋាគារជីនប៉ីទាំង​៣សាខា ដែលស្រ្ដីជនជាតិម្នាក់បានស្នាក់នៅ និងអាគារស្នាក់នៅរបស់បុគ្គ​លិក​មួយរបស់សណ្ឋាគារនេះមួយកន្លែង ដើម្បីធ្វើតេស្ដនិងធ្វើចត្តាឡីស័កអ្នកបម្រើការក្នុងសណ្ឋាគារនិងអ្នកស្នាក់នៅក្នុងសណ្ឋាគារនេះទាំងអស់៕