នៅព្រឹកថ្ងៃទី២៤កុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដសរុបចំនួន៤០នាក់ ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងជាលើកដំបូងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០មក។ ក្នុងចំណោម៤០នាក់នេះ គឺ៣៨នាក់ជាករណីឆ្លងក្នុងសហគមន៍ មានជនជាតិ៣៦នាក់ ជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាមម្នាក់ ដែលស្ថិតនៅខេត្តកណ្ដាលមាន៣នាក់ និងរាជធានីភ្នំពេញមាន៣៣នាក់។

កម្ពុជាបានប្រកាសរកឃើញការឆ្លងសហគមន៍ជាលើកទី៣នៅថ្ងៃទី២០កុម្ភៈនេះ ដែលត្រូវបាននាយករដ្ឋមន្រ្តីចាត់ទុកថា គឺជាការផ្ទុះឡើងទ្រុងទ្រាយធំបំផុតមិនធ្លាប់នៅទីក្រុងភ្នំពេញ។

ការផ្ទុះឡើងសហគមន៍លើកទី១ ឬហៅថាព្រឹត្តការណ៍៣វិច្ឆិកា គឺបានរកឃើញអ្នកឆ្លងសរុបត្រឹមតែ៤នាក់ប៉ុណ្ណោះ ហើយត្រូវបានប្រកាសបិទបញ្ចប់វិញនៅថ្ងៃទី១៨វិច្ឆិកា និងការផ្ទុះឡើងការឆ្លងសហគមន៍លើកទី២ឬហៅថាព្រឹត្តការណ៍២៨វិច្ឆិកា គឺបានរកឃើញអ្នកឆ្លងសរុបចំនួន៤១នាក់ និងត្រូវបានប្រកាសបិទបញ្ចប់វិញនៅថ្ងៃទី២៩ធ្នូ។

ប៉ុន្តែនៅក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១នេះ គឺក្នុងរយៈពេលត្រឹម៤ថ្ងៃ ក្រសួង​សុខាភិបាលបានរកឃើញអ្នកឆ្លងសរុបចំនួន១៣៧នាក់ ក្នុងនោះភាគច្រើនបំផុតគឺជាក្រុមជនជាតិចិន។

ការឆ្លងប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតនៅថ្ងៃទី២៤កុម្ភៈនេះ ស្របពេលកម្ពុជាបានរាយការណ៍រកឃើញការឆ្លងវីរុសបំប្លែងថ្មីក្នុងសហគមន៍ជាលើកដំបូងចំនួន៣ករណី កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញ ដែលជាប្រភេទវីរុសឆ្លងលឿននិងកាចសាហាវ។ លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានព្រមានថា កម្ពុជាអាចនឹងមានអ្នកស្លាប់ដោយវីរុសកូវីដបំប្លែងថ្មីនេះ ប្រសិនពលរដ្ឋដែលឆ្លងជំងឺនេះមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ៕