ថៅកែជនជាតិថៃបានដកកាំភ្លើងវាយពលករខ្មែរបណ្តាលឲ្យបែកក្បាលកាលពីថ្ងៃ​ទី​១២​កុម្ភៈ ស្ថិតនៅផ្សារបានម៉ៃ ខេត្តឆាក់ឈើងសៅ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

លោក លឹង សុផុន មន្ត្រីកម្មវិធីពលករអន្តោប្រវេសន៍នៃអង្គការCentral ប្រចាំនៅប្រទេស​ថៃបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា មូលហេតុដែលពលករត្រូវបានថៅកែយកកាំភ្លើងវាយក្បាល ដោយសារតែពលកររូបនេះចម្អិនអាហារឱ្យភ្ញៀវមិនទាន់ ហើយគាត់បានទៅប្រាប់ថៅកែឲ្យមកជួយចម្អិន ដែលធ្វើឱ្យថៅកែខឹងនិងបានដកកាំភ្លើងមកវាយតែម្ដង។

លោកបានបន្តថា«ថៅកែគឺខុសព្រោះបានប្រើអំពើហឹង្សាហើយនឹងប្រើកាំភ្លើងមកវាយក្បាលពលករ»។

ចំណែកស្ថានទូតខ្មែរក៏បានបញ្ជាក់ផងដែរ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ តំណាងស្ថាន​ទូត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះមកស្នងការដ្ឋាននគរបាលខេត្តឆាក់​ឈើង​សៅ ដើម្បីតាមដានដោះស្រាយបញ្ហាជូនដល់ពលករខ្មែរឈ្មោះ ណាំ សុខ ភេទប្រុស អាយុ​៣៤​ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលត្រូវនិយោជកប្រើប្រាស់អំពើហឹង្សាវាយនឹងកាំភ្លើងបណ្តាលឲ្យបែកក្បាលនេះ។

ស្ថានទូតបញ្ជាក់ថា បន្ទាប់ពីប្រជុំរកដំណោះស្រាយរួមគ្នារួច ពលករបានទទួលភាពយុត្តិធម៌ដែលគាត់បានទាមទារចំនួន៤ចំណុច ហើយអាជ្ញាធរថៃនឹងមានចំណាត់ការបន្តផ្តន្ទាទោសទៅលើនិយោជកតាមច្បាប់ក្នុងប្រទេសថៃ៕