ទិន្នន័យរបស់អគ្គស្នងការនគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសអំឡុងបុណ្យចូលឆ្នាំចិនពីថ្ងៃទី១២ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន ៣៩ លើក បណ្តាលឲ្យស្លាប់ចំនួន ១៩នាក់ របួសធ្ងន់ស្រាលចំនួន ៦៤នាក់។

ចំនួននេះគឺបានថយចុះ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នាកាលពីបុណ្យចូលឆ្នាំ​ចិន​ថ្ងៃទី២៥-២៦-២៧ ខែមករា ឆ្នាំ២០២០  ដែលមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសចំនួន ៥៩លើក បណ្តាលឲ្យស្លាប់៤០នាក់ និងរបួស៨០នាក់។

មូលហេតុកើតឡើងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីលឿនហួសកំណត់ ស្រវឹងពេលបើកបរ និងកត្តាយានយន្ត។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងដែរថា គ្រោះអគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២១ បានកើតមានចំនួន១៤លើក ហើយបើប្រៀបធៀបទៅនឹងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២០ គឺគ្រោះអគ្គិភ័យបានថយចុះចំនួន៣លើក ដោយក្នុងឆ្នាំ២០២០កន្លងទៅមានករណីកើតឡើងអគ្គីភ័យចំនួន១៧លើក  ។

បណ្តាខេត្តក្រុងដែលកើតឡើងមានអគ្គិភ័យ ដូចជារាជធានីភ្នំពេញកំពង់ចាម ព្រះវិហា ប៉ៃលិន កំពង់ធំ ព្រះសីហនុ សៀមរាបនិងបាត់ដំបង ។ សរុបចំនួន១៤លើកនេះ បណ្តាលឲ្យខួចខាតផ្ទះសម្បែងចំនួន១១ខ្នង និងរថយន្តចំនួន២គ្រឿង៕