ផ្តើមពីអ្នកស៊ីឈ្នួលចាំចម្ការឱ្យគេ និងធ្វើកម្មករសំណង់ លោក សារ៉ាយ បានងាក​មក​ចាប់មុខរបរបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺលក់នំពុម្ព ឬនំចាក់ នៅក្នុងរាជធានីភ្នំពេញ។

ឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មាន”ខ្មែរណាស់”សួរថា ហេតុអ្វីបានជាលោក​ងាក​មក​ចាប់មុខរបរលក់នំពុម្ពនេះ?

លោក សារ៉ាយ ជាអ្នកស្រុកមកពីខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ដំបូងឡើយ​លោកគឺជាកម្មករសំណង់ បន្ទាប់មក ក៏ស៊ីឈ្នួលចាំចម្ការឱ្យគេ បានចំណូលទាប មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរឡើយ។ គិតមិនយូរលោក សារ៉ាយ ក៏សម្រេចចិត្តគេចចេញពីការងារក្រោមបង្គាប់គេ ងាកមកចាប់របរ​លក់នំពុម្ពនៅ​អំឡុងឆ្នាំ ២០១៥។

លោក សារ៉ាយ បាននិយាយថា របរនេះទោះមិនសូវមានមុខមាត់ និងមានតម្លៃ​នៅ​ក្នុងសង្គម តែវាបានជួយទំនុកបម្រុងជីវភាពរបស់លោក​ឱ្យបានល្អប្រសើ​ររយៈ​ពេល​ជាង៥ឆ្នាំមកហើយ ពោលគឺបានចិញ្ចឹមភរិយា និងកូនពីរនាក់នៅក្នុងបន្ទុក។

បុរសវ័យជាង ៣០ឆ្នាំរូបនេះ និយាយបន្តដូច្នេះថា”ខ្ញុំចាប់អាជីពនេះមានសេរីភាព មិនស្ថិតក្រោមការបង្គាប់បញ្ជាពីអ្នកណា និងរកចំណូលបានច្រើនជាងកាល​នៅធ្វើ​សំណង់ និងចាំចម្ការឱ្យគេ“។

លោកបន្ថែមទៀតថា “មុខរបរនេះ បើទោះជាមិនសូវមានមុខមាត់ តែជាមុខរបរសុច្ចរិត មិនមែនជាមុខរបរខុសច្បាប់ដូចជាលួច ឆក់ ប្លន់ ដែលជាអំពើសង្គមស្អប់​ខ្ពើម​ឡើយ​”។ ជាងនេះទៀត លោក សារ៉ាយ បានគូសបញ្ជាក់ថា ការចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ក្រៅ​​ប្រទេស ក៏មិនមែនជាចម្រើសល្អប៉ុន្មានដែរ ពោលគឺងាយប្រឈម​ចាញ់បោកគេ​ណាស់។ “មុខរបរតូចតាច នៅក្នុងស្រុកយើងច្រើន និងអាចរកចំណូលបាន​គួរសមដើ​ម្បីចិញ្ចឹមជីវិត មិនចាំបាច់ទៅធ្វើការស្រុកគេ ងាយរងគ្រោះ និងចាញ់បោក​មេខ្យល់ជាដើម“។

ចំពោះចំណូលដែលបានពីរបរលក់នំពុម្ពនេះ ក្នុង១ថ្ងៃលោក សារ៉ាយ បញ្ជាក់ថា អាចរក​បាន​សរុបទាំងអស់ជាង១០ម៉ឺនរៀល ផាត់ការចំណាយរួចរាល់នៅសល់ចន្លោះពី ៥ម៉ឺន​ទៅ ៦ម៉ឺនរៀលដែរ។ ក្នុងនោះ នំមួយតម្លៃ ១០០០រៀល។

បើតាមលោក សារ៉ាយ វត្ថុធាតុដើមដែលធ្វើនំនេះរួមមាន អង្ករ ពងមាន់ ស្ករស​និង​ដូង​ជា​ដើម។ ជារៀងរាល់ថ្ងៃលោក សារ៉ាយ តែងចេញដំណើរពីភូមិស្វាយរលំ ម៉ោង៥ព្រឹក ចូលរាជធានីភ្នំពេញ លក់នៅមុខក្រសួងមហាផ្ទៃ និងបន្តចល័តទៅតំបន់ផ្សេងៗទៀត រហូតដល់ម៉ោង១២ឬម៉ោង១ថ្ងៃត្រង់លក់អស់ទើបត្រឡប់ទៅផ្ទះវិញ៕