
កាលពីចុងខែមករា ឆ្នាំ២០២១ កន្លងទៅ ត្រីបាឃឿ ដែលប្រជាជនខ្មែរភាគច្រើនស្ទើរតែពុំស្គាល់នោះ បានបង្ហាញវត្តមានជាលើកដំបូងបំផុត នៅតាមដងទន្លេសាប ចំណុចគន្លងដាយ លេខ៣។ បើតាមលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប។

លោក ថាច់ ផាណារ៉ា បានថ្លែងដូច្នេះថា« ចាប់តាំងពីឆ្នាំ២០០៦ ដែលខ្ញុំបានចាប់ផ្តើមសិក្សាស្រាវជ្រាវអំពីត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជាយើងនេះ ទាំងនៅទន្លេសាប និងទន្លេមេគង្គនោះ គឺពុំដែលប្រទះត្រីប្រភេទនេះទេ ប៉ុន្តែខ្ញុំដឹងថា ត្រីប្រភេទនេះវាមានវត្តមាន នៅតាមដីសណ្តទន្លេមេគង្គក្រោម នៃប្រទេសវៀតណាម ដែលមានឈ្មោះថា កាកែវ»។
លោក ថាច់ ផាណារ៉ា បានបន្ថែមថា ត្រីបាឃឿ ចូលចិត្តរស់នៅតំបន់ទឹកភ្លាវ ឆ្នេរមានខ្សាច់ និងនៅតាមព្រែកជាប់សមុទ្រ ហើយពុំដែលបង្ហាញវត្តមាននៅតាមដងទន្លេមេគង្គកម្ពុជានោះទេ។ ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្ត្រវិញ លោកបានបញ្ជាក់ថា ត្រីបាឃឿ មានទំហំជាមធ្យមប៉ុន មេដៃ រាងស្រឡូន និងមានប្រវែងប្រមាណ ២០ ទៅ ២២ សង់ទីម៉ែត្រ មានក្បាលខ្លីទំហំប៉ុនដងខ្លួន ព្រុយខ្នងនៃដងខ្លួនដាច់ពីគ្នា ខាងមុខមាន ៥ និងខាងក្រោយមាន ៣៤ ទៅ ៣៦ ដោយឡែកព្រុយកន្ទុយវិញ មានប្រមាណ ៣០ និងមានរាងស្រួច។ ត្រីបាឃឿមានស្នាមអុជខ្មៅបញ្ឆិតតាមដងខ្លួន មានព្រុយច្រមុះមួយគូ មានភ្នែកនៅប៉ែកខាងលើនៃក្បាល និងមានរង្វះមាត់ដូចកង្កែប។

លោក ថាច់ ផាណារ៉ា បានសន្និដ្ឋានចំនួន ០២ចំនុច ពាក់ព័ន្ធនឹងការបម្លាស់ទីរបស់ត្រីប្រភេទនេះ រហូតដល់ជាង១០០គីឡូម៉ែត្រ ពីទន្លេមេគង្គនៃប្រទេសវៀតណាម មកដល់ដងទន្លេសាបនៃប្រទេសកម្ពុជា ដោយមូលហេតុទី១ គឺដោយសាររបបទឹកទន្លេមេគង្គ និងការជោរនាចនៃទឹកសមុទ្រ ដែលបានជួបប្រសព្វគ្នា ទី២ គឺដោយសារទឹកទន្លេមេគង្គនៅឆ្នាំនេះឡើងយឺត ដែលបណ្តាលឱ្យទឹកភ្លាវហូរចូលយឺត។
ត្រីបាឃឿ ត្រូវបានគេនិយមយកទៅធ្វើជាម្ហូបចំនួន០៤មុខប៉ុណ្ណោះ គឺខរត្រី ប្រឡាក់ងៀត ស៊ុប និងម្ជូរត្រី ហើយតម្លៃវិញក៏ថ្លៃគួរសមដែរ គឺក្នុងមួយគីឡូចន្លោះពី ២២ ០០០រៀល ទៅ ២៨ ០០០រៀល។
សូមបញ្ជាក់ថា នៅក្នុងសៀវភៅស្តីពីត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា ក៏ពុំមានកត់ត្រាត្រីប្រភេទនេះដែរ ដូច្នេះហើយត្រីប្រភេទនេះ ក៏ពុំត្រូវបានការពារដោយច្បាប់ជលផលនោះទេ ហើយពាក់ព័ន្ធនឹងលក្ខណៈជីវសាស្រ្ត និងជីវចម្រុះ របស់ត្រីបាឃឿ គឺមានអ្នកដែលបានដឹងតិចតួចប៉ុណ្ណោះ៕ ប្រភព៖ AKP
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021