«ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុង​ប្រ​យ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺផ្តាសាយបក្សី ដែលអាចកើត​មានដោយ​យក​ថាហេតុ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីបានប៉ះពាល់ជាមួយបសុបក្សី។ ត្រូវនៅ​ឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ ឬកន្លែងដែលដឹងថា មានវីរុសកំពុងចរាចរ កុំបរិភោគ សត្វបសុបក្សី ឈឺឬងាប់ និងរាល់សត្វបសុបក្សីធ្វើ​សម្រាប់បរិភោគ​ត្រូវចម្អិន​ឱ្យបាន​ឆ្អិនល្អ»។ នេះជាការក្រើនរំលឹករបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រ​សួងសុខា​ភិបាល ថ្លែងនៅក្នុងលិខិតណែនាំមួយនៅយប់ថ្ងៃទី ២៩ខែមករា។

ការក្រើនរំលឹករបស់លោករដ្ឋមន្រ្តីនេះ ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំប្រជាពល​រដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរ​នូវបសុបក្សីច្រើន ងាយនឹងចម្លងជំងឺផ្តាសាយបក្សី។

ក្រសួងបានសង្កត់ធ្ងន់ថា ជំងឺផ្តាយសាយបក្សី(H5N1) នៅតែចរាចរលើ​សត្វប​សុបក្សីមួយចំនួន ហើយចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៤ ប្រទេសកម្ពុជា ធ្លាប់មានករណីជំងឺផ្តាសាយបក្សី ចំនួន ៥៦ករណី ក្នុងនោះ៣៧ករណីបានស្លាប់។

បច្ចុប្បន្នដោយសារវីរុសនេះ នៅតែបន្តចរាចរនៅតាមព្រំដែន ជាក្តីកង្វល់​ចំពោះ​សុខភាពសាធារណៈ នៅក្នុងប្រទេស និងសកលលោក។ វីរុសផ្តាសាយបក្សីនេះ នៅតែបន្តរកឃើញនៅលើសត្វ និងក្នុងបរិស្ថាន ហើយហានិភ័យ​ក្នុងការចម្លងជំ​ងឺពីសត្វមកមនុស្សងាយនឹងកើតមាន ដោយគេរំពឹងថា នឹងអាចកើតមាន​ជំងឺផ្តាសាយ​បក្សីក្នុងពេលណាមួយ ប្រសិនបើមិនមានការការពារបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានស្នើឱ្យពលរដ្ឋប្រុងប្រ​យ័ត្នផ្ទាល់ខ្លួនក្នុង​ការការពារសុខភាព ពីការឆ្លងជំងឺផ្តាសាយបក្សីនារដូវបុណ្យ និងពិធីសែន​ដូនតាផ្សេងៗខាងមុខ ដោយត្រូវអនុវត្តលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត។ គួរជៀសវាងការចូលកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់​ជាមួយសត្វ​នៅតាមកសិដ្ឋានចិញ្ចឹម និងទីផ្សារ(បើគ្មានភារកិច្ច)៕