ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានចេញផ្សាយតាមហ្វេសប៊ុកនៅរសៀលថ្ងៃនេះថា ពលករខ្មែរ៧នាក់ដែលស្ថិតក្នុងករណីបាក់ស្រុយស្ពានអាកាសកំពុងសាងសង់ នៅខេត្តនគររាជសីមាប្រទេសថៃ​ មិនបានរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនោះទេ​ ហើយកំពុងទទួលបានការព្យាបាល​​និងការយកចិត្តទុក្ខដាក់​​ពីសំណាក់មន្រ្តីស្ថានទូត។

ស្ថានទូតបន្តថា នៅថ្ងៃទី២៥មករានេះ​ តំណាងស្ថានទូត​បានចុះទៅដល់មន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ​នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខពលករខ្មែរទាំង​៧​រូបនោះ ដែលក្នុងនោះមានប្រុស៤នាក់​ និងស្រី៣នាក់ បន្ទាប់ពួកគេ​បានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះមកក្រោម ខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣មករា នៅវេលាម៉ោង២រសៀល ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា។

ស្ថានទូតអះអាងថា​​​ ក្នុងចំណោមពលករទាំង៧នាក់នោះ គឺមានស្រ្ដីម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្តាំ ប៉ុន្តែមកដល់ពេលនេះ មានពលករ៣នាក់បានចេញពីមន្ទីរពេទ្យ​ និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃនេះ ចំណែកពលករ​​ម្នាក់ទៀតនឹងបន្តសម្រាកនៅមន្ទីរពេទ្យច្រើនថ្ងៃទៀត។

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក​​ និងខាងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ហើយស្របពេលពួកគេមិនទាន់អាចចូលធ្វើការវិញបាន​ នឹងបន្តទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។​

សារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃបានចុះផ្សាយដែរថា ការបាក់ស្ពាននេះបានធ្វើឱ្យកម្ម​ករចំណាកស្រុកសរុបចំនួន៩នាក់ដែលមកពីកម្ពុជានិងមីយ៉ាន់ម៉ា និងកម្មករជន​ជាតិ​ថៃម្នាក់ រងរបួស ដែលអ្នកខ្លះបានរងរបួសរហូតបាក់ដៃនិងបាក់ជើង។

ជុំវិញការបាក់ស្ពាននេះ ប៉ូលីសថៃបានអះអាងថា រចនាសម្ព័ន្ធសម្រាប់សាងសង់ស្ពានប្រហែលមិនអាចទប់ទល់នឹងទម្ងន់ធ្ងន់ទើបធ្វើឱ្យស្ពានបាក់ស្រុតនេះ ដោយសារពួកគេបានរកឃើញដែកសម្រាប់ទ្រការសាងសង់តួស្ពានបានបាក់រលំ ដោយសារប្រហែលមិនអាចទ្រទម្ងន់​ដ៏ធ្ងន់នៃស៊ីម៉ង់ដែលចាក់ពីលើ ហើយថាការស៊ើបអង្កេតកំពុងធ្វើឡើយ។

លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់ខ្មែរណាស់ខ្លីថា ករណីបាក់ស្ពាននៅថៃនេះបានធ្វើឱ្យពលករខ្មែររងរបួសធ្ងន់នៅត្រង់ជើង ហើយអនុព័ន្ធការងារ និងស្ថានទូតខ្មែរកំពុងសហការជាមួយអាជ្ញាធរថៃតាមដានជុំវិញករណីនេះ។

អង្គការសង់ត្រាល់បានចុះផ្សាយថា លោក សាក់ស្យាម ឈីតឆប រដ្ឋមន្ត្រីក្រសួងសាធារណ​ការ និង ដឹកជញ្ជូនថៃ បានលើកឡើងថា អ្នកម៉ៅការ និងគ្រប់គ្រងការងារស្ថាបនាស្ពាននេះ ត្រូវទទួលខុសត្រូវ ព្យាបាល និងឧបត្ថម្ភដល់កម្មករដែលរងរបួស ពិសេសគឺកម្មករដែលមកពី ប្រទេសកម្ពុជា និងភូមា។

លោកក៏បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាជាបន្ទាន់លើការបាក់ស្រុកស្ពានអាកាសនេះត្រូវធ្វើឡើង ដើម្បីឱ្យដឹងថា តើបណ្តាលមកពីកត្តាអ្វី ព្រោះការចំណាយលើការស្ថាបនាស្ពានអាកាសដ៏វែងនេះ ត្រូវប្រើប្រាស់ថវិកាសរុបចំនួន១ពាន់៤រយលានបាត៕